ខេត្តកំពង់ចាម ៖ ជនសង្ស័យប្រុសស្រី៣នាក់ត្រូវបានកម្លាំងជំនាញគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀមធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ជាប់ពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន។
គួររំលឹកឡើងថានៅថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ១៧និង ៤០ នាទី នៅចំណុចភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយបានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថាមានការជួញដូរនិងប្រើប្រាស់ថ្នាំញៀននៅចំណុចខាងលើជំនាញការិយាល័យប្រឆាំងគ្រឿងញៀនបានចុះដល់ចំណុចកើតហេតុខាងលើឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ភ័ណ្ឌ ភ័ស្ស ភេទស្រី ឣាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានថ្នាំញៀនចំនួន ១កញ្ចប់។
លុះរហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១សមត្ថកិច្ចបានបន្តសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ និង ប៉ុស្ដិ៍នគរបាលរដ្ឋបាលជប់ បានធ្វើការឃាត់ជនសង្ស័យបានចំនួន២នាក់ ទៀតមាន ៖
១.ឈ្មោះ យ៉ាន់ សីហា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិជប់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
២.ឈ្មោះ ឆូ ប៊ុននី ភេទស្រី អាយុ២៣ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចុងថ្នល់ទី១ ឃុំបឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ដកហូតវត្ថុតាងរួមមាន៖ ទូរស័ព្ទដៃចំនួន១គ្រឿង ជញ្ជីងអេឡិចត្រូនិចចំនួន១គ្រឿង ថង់វេចខ្ចប់មួយចំនួន ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងជំនាញបាននាំមកការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕
ដោយ៖ ស សម