ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ”ព្រឹកថ្ងៃទី២៣ស្អែកនេះ !

ចែករំលែក៖

ភ្នំពេញ ៖ សូមជម្រាបជូនថា, ស្ថានទូតចិនប្រចាំកម្ពុជាបានបង្ហោះលើផេកផ្លូវការថា, នាថ្ងៃទី១០ខែវិច្ឆិកា យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមបានបង្ហាញថា គម្រោងស្ពានឆ្លងទន្លេភ្ជាប់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលជាជំនួយសាងសង់ដោយរដ្ឋាភិបាលចិន ត្រូវបានបញ្ចប់រួចរាល់។ សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីក្នុង​ពិធី​បើក​សម្ពោធស្ពានខាងលើ​នា​ថ្ងៃ​ទី​២៣ ខែខែវិច្ឆិក។ 

ស្ថានទូតចិនប្រចាំកម្ពុជា បានលើកឡើងថា, នេះគឺជាស្ពានទី៨ដែលជាជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជា។

សូមបញ្ជាក់ថា, នៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ”។

 ស្ពានទី៨ដែលជាជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជា គឺជាគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ៖ ចាប់ផ្តើម​នៅត្រង់គីឡូ​ម៉ែត្រ​​លេខ៥៨+២០០ ត្រើយខាងលិច ស្ថិតលើផ្លូវខេត្ត​លេខ​២៧១៤ នៅចំណុចភូមិបឹងដែង ឃុំព្រែកកក់​ ស្រុក​​ស្ទឹង​​​ត្រង់​ ខេត្តកំពង់ចាម ភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គ នៅ​ចំណុច​​ភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ តួស្ពានសុទ្ធសាធ​មានប្រវែង ១.១៣១​ម៉ែត្រ ទទឹង ១៣,៥ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ​កម្រាស់ ៥សង់ទីម៉ែត្រ មានផ្លូវរថយន្ត​ចំនួន​ ២គន្លង ផ្លូវម៉ូតូ​ចំនួន​ ២គន្លង ផ្លូវថ្មើរជើង​ចំនួន ​២គន្លង សម្រាប់ទៅមក។ ផ្លូវមេសង​ខាង​​ស្ពាន​ តភ្ជាប់​ទៅ​ផ្លូវ​ជាតិ​លេខ​៧១C​ ​មានប្រវែង ៨.៣២៣ ម៉ែត្រ។ សរុបរួមទាំង​ស្ពាន និង​ផ្លូវ​តភ្ជាប់​​មានប្រវែង​សរុប​ ៩.៤៥៤ ម៉ែត្រ បានបើកការដ្ឋានកាលពីថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេចតេជោ​នាយករដ្ឋមន្រ្តី ដោយ​ត្រូវ​ប្រើប្រាស់​រយៈពេលសាងសង់​ចំនួន​៤២ខែ សាងសង់​ដោយក្រុមហ៊ុន​សំណង់​​​​សៀងហៃ​​(SCG) និងត្រួត​ពិនិត្យ​​បច្ចេកទេស​​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​​បច្ចេកទេសក្វាង​ចូវ​វ៉ានអាន ចំណាយ​ថវិកាអស់​ ៥៦,៩៩៨ លាន​​ដុល្លារ​អាមេរិក។

សមិទ្ធផលថ្មីនេះ​ គឺជា​ចំណង​ដៃ​ដ៏​ថ្លៃថ្លា​មិនអាចកាត់ថ្លៃបាន​ ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ជូន​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ខេត្តកំពង់ចាម និង​ខេត្តត្បូងឃ្មុំ ព្រមទាំងបងប្អូនប្រជាពល​រដ្ឋ​ទូទាំង​ប្រទេស ដើម្បីប្រើប្រាស់​ជាប្រយោជន៍​ទូទៅ​ និង​យូរអង្វែង​ ក្រោម​ការដឹកនាំប្រកបដោយ​ភាពប៉ិនប្រសប់ និងគតិបណ្ឌិតរបស់​ សម្ដេច​អគ្គ​មហា​​​សេនា​​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រ​កម្ពុជា ដែលជាអគ្គមគ្គុទេសន៍ និងជាប្រតិបត្តិករ​នយោបាយឈ្នះ-ឈ្នះ ដែលបាននាំយកសន្តិភាព​មកជូន​ជាតិមាតុភូមិកម្ពុជា។

សូមរម្លឹកថា, សម្ដេចហ៊ុន សែន៖ (ចិន)ចាត់ទុក (កម្ពុជា) ជាមិត្តដែកថែប។ ដោយសំដៅដល់ទំនាក់ទំនងដ៏យូរអង្វែងនិង ឥតងាករេ រវាងកម្ពុជា-ចិន ដែលបានភ្ជាប់គ្នាតាំងពីសម័យ អតីតមហាវីរៈក្សត្រ មេដឹកនាំកំពូលកម្ពុជា សម្តេចនាយករដ្ឋ មន្ត្រីហ៊ុន សែន កាលពីព្រឹកថ្ងៃច័ន្ទទី២ កក្កដា បានថ្លែង អំណរគុណមិត្តចិន ដែលបានចាត់ទុកកម្ពុជាជា«មិត្ត ដែកថែប»។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ថ្លែងដូច្នេះ នៅពេលដែល សម្តេចអញ្ជើញជាអធិបតី នៅក្នុងពិធីសម្ពោធដាក់អោយប្រើ ប្រាស់ស្ពានអាកាសមិត្តភាពកម្ពុជា-ចិនសែនសុខ ហៅស្ពាន អាកាសផ្សារដីហ៊ុយ ដែលជាស្ពានអាកាសទី៥ ដែលត្រូវ បានសាសង់ដោយហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលនៃ សាធារណរដ្ឋប្រជាមានិតចិន នៅក្នុងរាជធានីភ្នំពេញ ៕

ដោយ ៖ សិលា


ចែករំលែក៖