ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យម្នាក់ដែលពូកែខាងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋទៅតុលាការអនុវត្តទោស

ចែករំលែក៖

ខេត្តបាត់ដំបង៖ មន្រ្តីនគរបាលបានឱ្យដឹងថា ជនសង្ស័យ​ម្នាក់ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាលនៃ​ស្នងការ​ដ្ឋានខេត្តរៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការនៅ​ព្រឹក​ថ្ងៃ​ទី២២ វិច្ឆិកា ឆ្នាំ​២០២១នេះ បន្ទាប់​ពី​ត្រូវ​ឃាត់ខ្លួន​ក្នុង​អំពើ​ចោរកម្ម។

លោកឈឿន គឹមសុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រឹត​ស្រាលបាន​ឱ្យដឹង​ថា ជនសង្ស័យ​ដែលបញ្ជូនទៅតុលាការនោះ ឈ្មោះ យន្ត សុភា ភេទប្រុស  អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​វត្ត​តា​មឹម ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ​។

លោកបានបន្តថា ជន​នេះ​ត្រូវ​បាន​កម្លាំង​របស់​លោក​ឃាត់ខ្លួន​បាន​កាលពី​យប់​ថ្ងៃ​ទី ២០ វិច្ឆិកា នៅ​ចំណុច​ភ្លើងស្ដុ​ប​ផ្សា​រលើ ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ ហើយ​ថែម​ទាំង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន​ត្រឡប់មក​វិញផង​ដែរ។

បើ​តាម​របាយ​ការ​ណ៍​របស់សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ យន្ត សុភា បាន​ចូល​លួច​កាបូប​របស់​ម្ចាស់ផ្ទះឈ្មោះ ទូច 

វ​ណ្ណា​រិ​ទ្ធ ភេទប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​វត្ត​គរ សង្កាត់​វត្តគរ ក្រុង​បាត់ដំបង កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី១៩ ខែវិច្ឆិកា ខណៈ​ដែលជន​រង​គ្រោះ​បើកទ្វារ​ផ្ទះ​ចំហហើយ​រវល់​ឡើង​ទៅ​លើ​ផ្ទះ​។ 

ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ជនសង្ស័យ​រូប​នេះបាន​ជិះ​កង់​កាត់មុខ​ផ្ទះ​ជន​រង​គ្រោះ ហើយពេល​ឃើញ​ផ្ទះ​ជន​រង​គ្រោះ​បើកទ្វារ​ចំហមិនឃើញ​មាន​មនុស្ស​នៅ ជន​នេះ​ក៏​ទុក​កង់​ខាង​មុខ​ដើរ​ចូល​ទៅ​លួច​យក​កាបូប​នៅ​លើ​តុ​ក្នុងផ្ទះ រួច​រត់គេច​ខ្លួន​បាត់​។

រហូត​មកដល់យប់​ថ្ងៃ​ទី២០ វិច្ឆិកា ទើប​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាលតាម​ឃាត់ខ្លួន​បានតែ​ម្ដង​។ ជាមួយនឹង​ការ​ឃាត់ខ្លួននេះ មន្ត្រី​ជំនាញ ដកហូត​បាន​កាបូប ទូរស័ព្ទ និងឯកសារ​មួយ​ចំនួន​ទៀតដែល​ជា​របស់​ជន​រង​គ្រោះ​មកវិញ។ 

យោងតាម​ប្រភព​ព័​ត៌​មានបានឱ្យដឹងទៀតថា ជន​ដៃដល់​រូប​នេះជា​មុខសញ្ញា​ប្រព្រឹត្ត​អំពើ​ចោរកម្ម​យ៉ាង​សកម្ម​នៅ​ក្នុង​មូលមូលដ្ឋានហើយក៏​ជា​អ្នក​ប្រើប្រាស់ថ្នាំ​ញៀន និងញៀន​ល្បែង​អុីនធើរណេត​​យ៉ាង​ងប់ងុល​ផង​ដែរ។ 

ប្រភព​បាន​បញ្ជាក់​ថា បន្ទាប់​ពី​ប្រព្រឹត្ត​អំពើ​ចោរកម្ម​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ គឺ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​នេះ ពេល​កំពុង​ប្រព្រឹត្ត​ល្បែង​អុីនធើរណេត​​នៅ​ក្បែរ​ភ្លើងស្ដុ​ប​ផ្សា​រលើ​។ លោក ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា ពេល​នេះ លោកស្នងការ​ខេត្តបាន​បញ្ជា​ឱ្យមន្ត្រី​ការិយាល័យ​ជំនាញ​របស់​លោកកសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់​នេះ​ទៅ​កាន់​តុលាការ​រួចរាល់ហើយ​៕ ​

ដោយ៖ អរុណរះ


ចែករំលែក៖