ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនជនជាតិចិន៣នាក់ទៅកាន់តុលាការ ពាក់ព័ន្ធនឹងបទល្មើសបង្ខាំង​ជនជាតិ​ថៃ​ចំនួន​៩៩នាក់ដើម្បី​ជំរិត​ទារប្រាក់(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានបើកការស៊ើបសួរលើសំណុំរឿងរបស់ជនត្រូវចោទដែលជាជនជាតិចិន៣នាក់បន្ទាប់ពីកម្លាំងនគរបាល​ក្រសួង​មហាផ្ទៃបានបញ្ជូន​ខ្លួនទៅកាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​«​ពាក់ព័ន្ធ​នឹងការបង្ខាំង​ជនជាតិ​ថៃ​ចំនួន​៩៩នាក់ ដើម្បី​ជំរិត​ទារប្រាក់»​ ក្រោយពី​ត្រូវបាន​មេ​ខ្យល់​បោក​ពួកគេ​មក​ធ្វើការ​ឱ្យ​ក្រុមហ៊ុន​លក់​ផលិតផល​តាម​អនឡាញ​មួយស្ថិត​ក្នុង​ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ។

សូមរំលឹកថា លោក​ឧត្តមសេនីយ៍​ឯក​ ឆាយ គឹមខឿន ​អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​​ នៅ​រសៀល​ថ្ងៃ​ទី២១​ ខែវិច្ឆិកា​បានបញ្ជាក់ថា ជនជាតិ​ចិន​ចំនួន​ ៣នាក់​ខាងលើនឹង​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បន្ទាប់ពីពួកគេ​ត្រូវបាន​សមត្ថកិច្ច​រកឃើញ​ជាប់ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​ក្នុង​ចំណោម​ជនជាតិ​ចិន​ចំនួន​ ៧៧នាក់។

លោក​ឧត្តមសេនីយ៍​ឯក​ ឆាយ គឹមខឿន បញ្ជាក់ទៀតថា ​កាលពី​ថ្ងៃ​ទី១៨ ​ខែវិច្ឆិកា ​ឆ្នាំ២០២១ ​សមត្ថកិច្ច​ជំនាញ​ក្រសួង​មហាផ្ទៃ​បានបើកប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជនជាតិ​ចិន​មួយ​ក្រុម​នៅ​ក្នុង​ផ្ទះ១​ ស្ថិតក្នុង​ខណ្ឌសែនសុខ​ រាជធានី​ភ្នំពេញ ហើយក្នុង​ប្រតិបត្តិការ​នោះ ​សមត្ថកិច្ច​បាន​រំដោះ​ជនជាតិ​ថៃ​បាន​សរុប៩៩នាក់ ក៏ប៉ុន្តែ​ជនជាតិ​ថៃ​ទាំងនោះ​សុទ្ធតែ​ចូល​មក​ប្រទេស​កម្ពុជាដើម្បី​បំពេញ​ការងារ​ដោយ​ខុស​ច្បាប់។ ហេតុ​ដូច្នេះ​​ទើបសមត្ថកិច្ច​ជំនាញ​បាន​ចាប់​ខ្លួនពួកគេប្រគល់ឱ្យផ្នែក​អន្តោប្រវេសន៍​កម្ពុជា។

បច្ចុប្បន្ន ជនត្រូវចោទទាំង៣នាក់កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ រង់ចាំការចោទប្រកាន់រួចនឹងបញ្ជូនទៅចៅក្រមស៊ើបសួរបន្តនីតិវិធី៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖