ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន អបអរសាទរ ដល់បេក្ខភាពកម្ពុជា បានឈ្នះពានរង្វាន់ Master Dan/Rising Star Award ក្នុងកម្មវិធីការប្រកួតប្រជែងគំនូរជីវចលអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ លោក ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ សូមអបអរសាទរ ដល់បេក្ខភាពកម្ពុជា បានឈ្នះពានរង្វាន់ Master Dan/Rising Star Award ក្នុងកម្មវិធីការប្រកួតប្រជែងគំនូរជីវចលអន្តរជាតិ ! 

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញារឹទ្ឋ បានបញ្ជាក់លើផេកផ្លូវការ របស់លោកថា, ខ្ញុំបាទសូមគោរពរាយការណ៍ អំពីការប្រកួតគំនូរជីវចលថ្នាក់អន្តរជាតិ!

អបអរសាទរ ដល់បេក្ខភាពកម្ពុជា បានឈ្នះពានរង្វាន់ Master Dan/Rising Star Award ក្នុងកម្មវិធីការប្រកួតប្រជែងគំនូរជីវចលអន្តរជាតិ។

គំនូរជីវចល ចំណងជើង ទឹកស៊ុប-Soup ជាស្នាដៃរបស់ Ear Uy និង Pum Sothearoth បានឈ្នះពានរង្វាន់Master Dan/Rising Star Award ក្នុងកម្មវិធីDigiCon6 Asia 2021 ដែលរៀបចំតាមប្រព័ន្ធអនឡាញ នៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។

នេះជាលើកទី១ ដែលស្នាដៃគំនូរជីវចលកម្ពុជា បាន​ឈ្នះពានរង្វាន់មួយក្នុងចំណោមពានរង្វាន់ដទៃទៀតក្នុងកម្មវិធីនេះ ដែលមានការចូលរួមពីសិល្បៈករគំនូរជីវចលគ្រប់កម្រិត មកពី១៣ប្រទេស ក្នុងទ្វីបអាស៊ី។

សម្រាប់កម្ពុជា បើទោះបីជាមិនបានរៀបចំការប្រកួតថ្នាក់ជាតិ ដោយទូរទស្សន៍ជាតិកម្ពុជា ក៏ពិតមែន តែ​តាមរយៈក្រុមហ៊ុន Social Compass បានរៀបចំការជ្រើសរើស ទៅប្រកួតផ្ទាល់៕

ដោយ ៖ សិលា


ចែករំលែក៖