ភ្នំពេញ៖ នៅម៉ោង៨ព្រឹក ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន បានរៀបចំពិធីសូត្រមន្ត បង្សុកូល ដោយ មានការចូលរួមពីលោក ព្រំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ, លោក ថេង សុថុល អភិបាលខណ្ឌ តំណាងឯ,ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងលោក និងលោកស្រីជាអភិបាលរង និងមន្ត្រីរាជការសង្កាត់-ខណ្ឌ រួមទាំងក្រុម គ្រួសារជនរងគ្រោះផងដែរ ដោយមានប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ នៅស្ដូបក្បែរស្ពាននាគ នៃទីក្រុងកោះពេជ្យ ដើម្បី ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធដល់ជនរងគ្រោះដែលបាត់បង់ជីវិត ក្នុងហេតុការណ៍រត់ជាន់គ្នា នៅលើស្ពានពេជ្រ កាលពី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ កាលពី ១១ឆ្នំាមុន ។
គួររំលឹកថា កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ជាថ្ងៃបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក មានឧបទ្ទវហេតុរត់ជាន់គ្នា នៅលើស្ពានពេជ្រ នៃតំបន់កោះពេជ្រ បណ្តាលឲ្យមនុស្ស ៣៥៣នាក់ ស្លាប់ បាត់បង់ជីវិត និងជាង ៧០០នាក់ទៀត បានរងរបួស, នេះតាមរបាយការណ៍របស់សមត្ថកិច្ច ។
សូមជម្រាបជូនថា ជារៀងរាល់ឆ្នាំ ឲ្យតែដល់ថ្ងៃទី២២ វិច្ឆិកា អាជ្ញាធររាជធានីភ្នំពេញ តែងនិមន្តព្រះសង្ឃរៀបចំពិធី បង្សុកូល សូត្រមន្តឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះ និងមានសាច់ញាតិ មកចូលរួមពិធីបុណ្យ ដើម្បីរំលឹកដល់ឧបទ្ទវហេតុ នៃការជាន់គ្នាស្លាប់នៅលើស្ពានពេជ្រ ខណៈអាជ្ញាធរ បានធ្វើបុណ្យនៅចំណុចស្តូបរំលឹកវិញ្ញាណក្ខន្ធ ជំនួសឲ្យទីតាំងស្ពានពេជ្រដែលត្រូវបានវាយកម្ទេច ។
ប្រជាពលរដ្ឋដែលត្រូវជាសាច់ញាតិជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងហេតុការរត់ជាន់គ្នានៅស្ពាននាគកោះពេជ្រ កាលពីឆ្នាំ២០១០ បានរៀបរាប់ថា រហូតមកទល់ពេលនេះ ពួកគាត់នៅមិនទាន់រសាយចិត្តពីបងប្អូនកូនក្មួយនោះទេ បើទោះបីជាវាមានរយៈពេលជាច្រើនឆ្នាំក៏ដោយ ។ ពួកគាត់នៅតែមានអារម្មណ៍នឹករលឹកដល់បងប្អូនកូនក្មួយ ដែលបានស្លាប់ទាំងមិនអស់ចិត្តនេះ ៕
ដោយ៖ ជីណា