គ្រោះទឹកជំនន់ជាទ្រង់ទ្រាយធំនៅរដ្ឋ Andhra Pradesh ប្រទេសឥណ្ឌាក្នុងរយៈពេលមួយសប្តាហ៍កន្លងមក បានធ្វើឱ្យចរាចរណ៍ផ្លូវដែក និងមធ្យោបាយធ្វើដំណើរផ្សេងទៀតត្រូវជាប់គាំង ។ ពលរដ្ឋជាច្រើនត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ។ ចំនួនអ្នកស្លាប់ដោយគ្រោះទឹកជំនន់បានកើនឡើងដល់ទៅ៣១នាក់ហើយ និងរាប់សិបនាក់បាត់ខ្លួន។
តាមសារព័ត៌មាន Hindustan times បានផ្សាយថា ទឹកនៅដងទន្លេ Pennar និង Cheyyeru បានជន់លិចភូមិជាច្រើន បំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋ។ ទឹកជំនន់កើនឡើងខ្ពស់ដោយសារតែមានភ្លៀងធ្លាក់យ៉ាងគំហុក កាលពីសប្តាហ៍មុន។
ទឹកជំនន់យ៉ាងឆាប់រហ័សត្រូវបានអាជ្ញាធរឥណ្ឌារាយការណ៍ថា បានជន់លិចស្រុកចំនួនបួននៅក្នុងរដ្ឋ Andhra Pradesh ដោយបានបង្កឱ្យមនុស្សស្លាប់ និងបាត់ខ្លួនរាប់រយនាក់កាលពីចុងសប្តាហ៍មុន។ កងកម្លាំងសង្គ្រោះជាច្រើនក្រុមត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ទាំងឡាយដែលរងផលប៉ះពាល់ដោយទឹកជំនន់ ខណៈប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះអ្នកបាត់ខ្លួនកំពុងតែបន្តទៅមុខ គិតមកទល់នឹងថ្ងៃចន្ទនេះ។
ប្រទេសឥណ្ឌានៅក្នុងឆ្នាំ២០២១ នេះ ត្រូវបានគេមើលឃើញថា បានរងគ្រោះទឹកជំនន់ និងព្យុះភ្លៀងយ៉ាងខ្លាំងក្លាខុសពីរាល់ឆ្នាំ ដែលកំពុងធ្វើឱ្យអ្នកជំនាញអាកាសធាតុ មានការព្រួយបារម្ភកាន់តែខ្លាំង អំពីគ្រោះធម្មជាតិកាន់តែធ្ងន់ធ្ងរឡើងៗ បណ្តាលមកពីការប្រែប្រួលអាកាសធាតុភពផែនដី៕ ដោយ៖ធីរីណា
រូបភាព៖ttxvn