ខេត្តកំពង់ចាម ៖ ជនកំណាចដ៏ឃោរឃៅ ជាឃាតករំលោភសម្លាប់ក្មេងស្រីវ័យក្មេងម្នាក់ នៅស្រុកចំការលើ ខេត្តកំពង់ចាម ពេលកំពុងធ្វើដំណើរចេញពីសាលារៀនមកផ្ទះ ត្រូវកម្លាំងនគរបាលខេត្ដកំពង់ចាម ស្រាវជ្រាវបំបែកសំណុំរឿងលឿនបំផុត ឈានដល់ចាប់ឃាត់ខ្លួនឃាតកនោះបានហើយ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពី ឃាតករូបនេះព្យាយាមរត់គេចខ្លួនក្រោយធ្វើសកម្មភាព កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១។ ប៉ុន្តែឈាមស្រែក ស្បែកហៅ ឃាតក រត់មិនផុតពីអន្ទាក់សមត្ថកិច្ចឡើយ។
សូមបញ្ជាក់ថា, ជនដៃដល់ដែលកម្លាំងនគរបាលជំនាញចាប់ឃាត់ខ្លួនបាននេះឈ្មោះ ម៉ាប់ កំសត់ ហៅអាលន អាយុ១៦ឆ្នាំ។ ដោយឡែកនារីរងគ្រោះឈ្មោះ ឌីម អេងជូ អាយុ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយជនដៃដល់។
គួរជម្រាបថា ហេតុការណ៍ដ៏សាហាវព្រៃផ្សៃនេះ បានកើតឡើងនៅល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចចម្ការពោត ស្ថិតក្នុងភូមិ១១ ឃុំចំការអណ្ដូង ស្រុកចំការលើ ខណៈដែលជនរងគ្រោះកំពុងធ្វើដំណើរពីសាលារៀន ត្រឡប់មកផ្ទះវិញ។
ករណីនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook បង្ហោះសារចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសព ក្រោយមរណភាពរបស់នារីរងគ្រោះ និងថ្កោលទោសចំពោះទង្វើយ៉ាងព្រៃផ្សៃរបស់ជនដៃដល់ ដែលទើបតែមានអាយុ១៦ឆ្នាំ ទើបប្រឡងជាប់ មធ្យមសិក្សាបឋមភូមិ ។
សមត្ថកិច្ចនគរបាលខេត្តកំពង់ចាម ពិតជាយកចិត្តទុកដាក់ស្រាវជ្រាវតាមជំនាញ ឈានដល់ឃាត់ខ្លួនឃាតកបាន៕
ដោយ ៖ សិលា