ខេត្តកំពង់ចាម+ត្បូងឃ្មុំ ៖ ជាមួយការបង្ហាញវត្តមានសម្ពោធ សមិទ្ធផលថ្មីស្ពានស្ទឹងត្រង់-ក្រូចឆ្មារ សម្រាប់ជាប្រយោជន៍សម្រាប់ប្រជាជន និងជាតិនាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវគារវកិច្ចគោរព ចំពោះប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មារ និង ស្ទឹងត្រង់ ហើយសម្តេចតេជោ ហ៊ុន សែន បានហៅស្ពាន សម្ពោធថ្មីនេះថាជា «ស្ពានភ្ជាប់និស្ស័យ» បន្ថែមពីលើឈ្មោះបច្ចុប្បន្ន «ស្ពាន មិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ» សម្តេចតេជោ ហ៊ុន សែន បានលើកឡើង ថា អ្នករៀបអាពាហ៍ពិពាហ៍នានា គួរថត Pre-Wedding នៅងតាមស្ពានឆ្លងទន្លេ ហើយកុំភ្លេច”ស្ពានភ្ជាប់និស្ស័យ” ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ខណះសម្តេចបានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ”។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទីតាំងស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ជាតំបន់ សមរភូមិសង្រ្គាម ជាតំបន់ទម្លាក់ គ្រាប់បែក ទីបំផុត ! ក្លាយជា «ស្ពានភ្ជាប់និស្ស័យ» បន្ថែមពីលើឈ្មោះបច្ចុប្បន្ន «ស្ពាន មិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ»។
បន្ទាប់ពីមានការលើកឡើងខ្លះថា ,បញ្ហាប្រេងឡើងថ្លៃ ,
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តម្លៃសាំងឡើងថ្លៃជាបញ្ហាសាកល មិនមែនជាបញ្ហាតែកម្ពុជានោះទេ។ សម្តេចតេជោ បន្តថា រអ៊ូរឿងសាំង ឡើងថ្លៃ តែឱកាសបុណ្យអុំទូក បណ្តែត ប្រទីប អកអំបុក និងសំពះព្រះខែ មនុស្ស ដើរលេងយ៉ាងចង្អៀត។
លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានបញ្ជាក់អោយដឹងថា, រយៈពេល៤ថ្ងៃ (១៨-២១ វិច្ឆិកា ២០២១) ពោលគឺក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃបូកនឹងថ្ងៃអាទិត្យនេះ១ថ្ងៃទៀត នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរ ១,១៤៧,៣៥៩នាក់ ក្នុងនោះភ្ញៀវជាតិមាន១,១៣២,៩០៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមាន១៤,៤៥៦នាក់។
សម្តេចតេជោ ហ៊ុន សែន បានលើកពីសមធម៍ សំដៅថា, បញ្ហា ផ្លូវ ស្ពាន មន្ទីរពេទ្យ សាលារៀន គឺអ្នកមាន អ្នកក្រដើរបាន ចូលបានទាំងអស់។ មានន័យថា, ផ្លូវអ្នកមានក៏ដើរបាន អ្នកក្រក៏ដើរបាន , ស្ពានអ្នកមានក៏ឆ្លងបាន អ្នកក្រក៏ឆ្លងបាន មន្ទីរពេទ្យអ្នកមានក៏ចូលព្យាបាលបាន អ្នកក្រីក្រក៏ចូលព្យាបាលបាន សាលារៀនកូនអ្នកមានចូលរៀនបាន កូនអ្នកក្រក៏ចូលរៀនបាន គ្មានការរើសអើងឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងខែនេះ សម្តេចមានជំនួប និង ធ្វើការជាមួយភាគីចិនចំនួន៤ដង រួមមាន៖ ជួបសំណេះសំណាលជាមួយ នាយករដ្ឋមន្រ្តីចិន, ទទួលវ៉ាក់សាំង ជំនួយរបស់ចិនជួបប្រជុំជាមួយ ប្រធានាធិបតីចិន និងការសម្ពោធស្ពាន ស្ទឹងត្រង់-ក្រូចឆ្មារ ព្រមទាំងបើកការដ្ឋាន សាងសង់ផ្លូវជាតិលេខ៧១C។
សូមបញ្ជាក់ថា, ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នេះបានចាប់ផ្តើមសាងសង់ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨។ ស្ពាននេះ ចាប់ផ្តើមនៅត្រង់គីឡូម៉ែត្រលេខ៥៨+២០០ ត្រើយខាងលិច ស្ថិតលើផ្លូវខេត្តលេខ២៧១៤ នៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គ នៅចំណុចភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ តួស្ពានមានប្រវែង ១,១៣១ម៉ែត្រ ទទឹង ១៣.៥ម៉ែត្រ ក្រាលបេតុងកៅស៊ូកម្រាស់ ៥សង់ទីម៉ែត្រ មានផ្លូវរថយន្តចំនួន ២គន្លង ផ្លូវម៉ូតូចំនួន ២គន្លង ផ្លូវថ្មើរជើងចំនួន ២គន្លង សម្រាប់ទៅមក។ ផ្លូវមេសងខាងស្ពាន តភ្ជាប់ទៅផ្លូវជាតិលេខ៧១C មានប្រវែង ៨.៣២៣ ម៉ែត្រ។ សរុបរួមទាំងស្ពាន និងផ្លូវតភ្ជាប់មានប្រវែងសរុប ៩,៤៥៤ម៉ែត្រ។ ស្ពាន និងផ្លូវតភ្ជាប់នេះ ត្រូវបានចំណាយពេលសាងសង់ ៤២ខែ ដោយក្រុមហ៊ុនសំណង់សៀងហៃ (SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ចំណាយថវិកាជិត ៥៧លានដុល្លារអាមេរិក៕
ដោយ៖សុខ ខេមរា