ព័ត៌មានទាន់ហេតុការណ៍៖

ទឹកប្ដូរនិស្ស័យធ្វើឱ្យបុរសម្នាក់ដេកគុកនិងស្ត្រីម្នាក់ទៀតរងរបួសប្រេះឆ្អឹងកដៃ

ចែករំលែក៖

ខេត្តតាកែវ ៖ ដោយសារតែឥទ្ធិពលនៃទឹកប្ដូរនិស្ស័យបានបណ្ដាលឱ្យបុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបានដេកគុក និងបណ្តាលឱ្យស្ត្រីម្នាក់ទៀតរងរបួសប្រេះឆ្អឹងកដៃ។
សូមរំលឹកថា ហេតុការណ៍នេះបានកើតឡើងនៅវេលា១៩និង៥០នាទីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
សមត្ថកិច្ចបានឱ្យដឹងថា ជនបង្កឈ្មោះតេម ណុប ហៅប៉ុយ ភេទប្រុស អាយុ ២៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ និង
មានទីលំនៅភូមិឃុំកើតហេតុខាងលើបានធ្វើសកម្មភាពប្រើហិង្សាដោយបានយកកាំបិតកាចែត(កាំបិតកាប់ដូង)មកគំរាមសម្លាប់ជនរងគ្រោះឈ្មោះខឹម សួន ភេទស្រី អាយុ៧៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទីខេត្តតាកែវ ហើយជនបង្កបានវាយមកលើជនរងគ្រោះចំកដៃចំហៀងខាងឆ្វេងបណ្តាលឱ្យប្រេះឆ្អឹងកដៃ ខណៈដែលជនបង្កហេតុស្រវឹងស្រាទើបមានករណីហិង្សានេះកើតឡើង។
ក្រោយកើតហេតុជនសង្ស័យបានរត់គេចខ្លួនរហូតដល់ថ្ងៃទី២២ខែវិច្ឆិកាវេលាម៉ោង១៤និង០០នាទីទើបកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទីធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបាន រួចហើយកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕

ដោយ៖ ស សម


ចែករំលែក៖