ខេត្តកំពង់ចាម+ត្បូងឃ្មុំ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចនឹងលេងពួកក្រុមជ្រុលនិយមឱ្យ ចប់សិន ទើបសម្តេចត្រួសត្រាយផ្លូវ សម្រាប់ក្មេងជំនាន់ក្រោយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជា រឿងអន់ខ្លាំងណាស់ ចំពោះការ ធ្វើនយោបាយបន់ឱ្យដៃគូខ្លួនស្លាប់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានសំណាង ព្រោះមានការសាងសង់ ផ្លូវជាតិលេខ៧១C ភ្ជាប់ពីស្រុកចំការលើ ខេត្តកំពង់ចាម ទៅកាន់ផ្លូវជាតិលេខ៧ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ការសាងសង់ផ្លូវ និងស្ពាន មិនមែន សម្រាប់សម្ដេចធ្វើដំណើរនោះទេ តែជា ការឆ្លើយតបនឹងតម្រូវការរបស់ ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរាតត្បាតនៃជំងឺកូវីដ១៩ ធ្វើឱ្យកម្ពុជា ខាតបង់ថវិកាស្មើនឹងការសាងសង់ស្ពាន បាន២០ខ្សែ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងលម្អិតជូនបងប្អូនជនរួមជាតិថា, ” វិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យកម្ពុជាចំណាយ ថវិកាជាតិប្រមាណ ២,៣០០លានដុល្លារ” ។
សម្តេចតេជោ ស្របពេលដែលបានគេបានលើកថា, សម្តេចជិតមានចៅប្រសារនៅក្រៅប្រទេសដែលអាយុ ២១ឆ្នាំ , សម្តេចក៏មានប្រសាសន៍បែបកំប្លែងនឹងរម្លឹកពីអតីតកាលសម្តេចនៅពីក្មេងផងដែរ ។ ដោយសម្តេចបញ្ជាក់ថា, “ខ្ញុំមានចៅប្រុសម្នាក់អាយុ១៥ឆ្នាំ ចេះមានសង្សារ ហើយគេនាំមកលេងរាប់អានធម្មតា ខ្ញុំមិនថាអីទេ ហើយមិនហាមឃាត់ តែយើងត្រូវធ្វើការអប់រំ ខណៈគាត់ជាអនីតិជន។ សម្តេចបានបន្តថា, ខ្ញុំមិនដឹងដែរ, ចៅប្រុសមិនដឹងកាត់ទៅរកអ្នកណា ឬកាត់មករកជីតា ! ដូចបងប្រុសខ្ញុំដែលអញ្ជើញមកទីនេះដឹងស្រាប់ហើយ ខ្ញុំនៅពីក្មេងរៀងនេះ…បន្តិច ! ចឹងហើយបានជីដូនរបស់គាត់ថា, ចៅប្រុសហ្នឹងកាត់ដូចជីតាតែម្តង(សម្តេច)។
សូមបញ្ជាក់ថា, បន្ទាប់ពីមានស្ពានថ្មី គឺ «ស្ពានភ្ជាប់និស្ស័យ» បន្ថែមពីលើឈ្មោះបច្ចុប្បន្ន «ស្ពាន មិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ» សម្តេចតេជោ ហ៊ុនសែន បាន រម្លឹក ស្នើដល់ គូស្នេហ៍ទាំងឡាយ កុំណាត់គ្នាមក លោតទឹកពីលើស្ពានអី !! ។
ចំពោះជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា
កម្ពុជាបានប្រយុទ្ធជាមួយជំងឺកូវីដ- ១៩ មានរយៈពេល២០ខែមកហើយ។ សម្តេចសង្ឃឹមថា ប្រជាពលរដ្ឋនឹងយល់ ពីបែបបទ និងយុទ្ធសាស្ត្រទាំងឡាយ ដែលសម្ដេចបានដាក់ចេញជាបន្តបន្ទាប់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូ វីដ១៩នេះ។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកពី យុទ្ធសាស្ត្រជាច្រើនពាក់ព័ន្ធយុទ្ធសាស្រ្ត ក្នុងព្រឹត្តិការណ៍នានា ក្នុងកំលុងរាតត្បាត នៃជំងឺកូវីដ១៩។ សម្តេចតេជោ បានថ្លែង ថា ក្នុងនាមជាមេដឹកនាំរបស់ជាតិ សម្តេច មិនអាចអនុញ្ញាតឱ្យប្រជាពលរដ្ឋស្លាប់ ដោយមិនដាក់ចេញវិធានការចាំបាច់ មួយចំនួននោះទេ ទោះត្រូវគេរិះគន់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺជាក្តីសង្ឃឹម ធំសម្រាប់សម្ដេចក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩។
សម្តេចតេជោ បានថ្លែង ថា វ៉ាក់សាំងសន្យាមានច្រើនណាស់ តែ ចុងក្រោយសម្តេចសម្រេចយកចិនធ្វើជា បង្អែកក្នុងការផ្គត់ផ្គង់វ៉ាក់សាំង។ សម្ដេច តេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាប្រើថវិកាជាតិ ទិញវ៉ាក់សាំង ២៨លានដូស។
សម្ដេចមានមោទនភាពក្រៃលែងសម្រាប់ ភាពជោគជ័យលើការងារប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩។ មោទនភាពនោះ គឺ ជនជាតិកម្ពុជា បាននាំគ្នាទៅចាក់ វ៉ាក់សាំងរហូតដល់ជាង ១៤លាននាក់ ទោះបីគេបំភ័យថា វ៉ាក់សាំងចាក់ទៅស្លាប់។
សូមបញ្ជាក់ថា, តាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០០,៧៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៥៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៤,០៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ៨២,៥៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៨,១៣% ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា, ខ្ញុំមានជ័យជំនះ និងមោទនភាព បន្ទាប់ពីលោក ហង់ជួន ណារុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានរាយការណ៍មកថា, កាលសម័យប្រឡងមធ្យមសិក្សាបឋមភូមិ មានលោកគ្រូអ្នកគ្រូ និងកូនសិស្ស តែប៉ុន្មាននាក់ទេ បានឆ្លងជំងឺកូវីដ-១៩ ដូច្នេះមិនអីទេ យកទៅព្យាបាល រួចបាញ់ថ្នាំសម្លាប់មេរោគក្នុងសាលា ហើយបន្តអោយសិស្សចូលសិក្សាធម្មតា លើកលែងតែខាងសាលាមត្តេយ្យទេ កុំទាន់អាលអោយដំណើរការ។
បន្ទាប់ពីទប់ស្កាត់ជំងឺកូវីដ-១៩ បានជោគជ័យ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាឆ្នាំ២០២១ អាចនឹងមានការកើនឡើង ក្រោយកម្ពុជា បើកប្រទេសឡើងវិញ។ សម្ដេចតេជោ ហ៊ុន សែន បានប៉ាន់ប្រមាណថា កំណើន សេដ្ឋកិច្ចកម្ពុជាឆ្នាំអាចសម្រេចបាន ក្នុងរង្វង់ជិត៣ភាគរយ ហើយនៅ ឆ្នាំក្រោយអាចរង្វង់៥ភាគរយ៕
ដោយ ៖ សុខ ខេមរា