ពានរង្វាន់ Golden Boy ដែលជាពានរង្វាន់កីឡាករឆ្នើមវ័យក្មេងជាងគេរបស់ស្ថាប័ន Tuttosport លើកទី១៩ ត្រូវបានឈ្នះដោយខ្សែបម្រើ Pedriរបស់ក្រុម Barcelona ដោយកីឡាករវ័យ១៨ឆ្នាំរូបនេះទទួលបានរង្វាន់ប្រចាំឆ្នាំនេះសម្រាប់កីឡាករដែលមានទេពកោសល្យល្អបំផុតនៅអឺរ៉ុបក្រោមអាយុ២១ឆ្នាំ។
មានអ្នកកាសែតចំនួន៤០នាក់បានបោះឆ្នោតសម្រាប់ពានរង្វាន់នៅឆ្នាំនេះ ហើយ២៦នាក់ក្នុងចំណោមនោះបានដាក់ឈ្មោះ Pedri នាំមុខគេ ខណៈដែល៩នាក់ទៀតដាក់កីឡាកររូបនេះលេខ២ និង៣នាក់ទៀតដាក់គាត់លេខ៣ ។ ម្យ៉ាងវិញទៀតអ្នកកាសែតតែ២នាក់ប៉ុណ្ណោះដែលបានបោះឆ្នោតមិនមានឈ្មោះកីឡាកររូបនេះនៅលើបញ្ជីឈ្មោះ។ នេះមានន័យថា Pedri បានបញ្ចប់ជាមួយនឹង៣១៨ពិន្ទុសរុប នាំមុខកីឡាករ Jude Bellingham ចំណាត់ថ្នាក់លេខ២ មិនដែលមានក្នុងប្រវត្តិសាស្ត្រនៃពានរង្វាន់នេះមានគម្លាតរវាងទីមួយនិងទីពីរឆ្ងាយបែបនេះទេ។
កីឡាករ Pedri បាននិយាយនៅក្នុងសារជាវីដេអូថា “ខ្ញុំសូមអរគុណដល់Tuttosport សម្រាប់ពានរង្វាន់នេះដែលធ្វើឱ្យខ្ញុំមានមោទនភាព ហើយខ្ញុំក៏អរគុណសមាជិកទាំងអស់នៃគណៈវិនិច្ឆ័យ និងអ្នកគាំទ្រដែលតែងតែគាំទ្រខ្ញុំនៅក្នុងអ្វីដែលមិនគួរឱ្យជឿក្នុងឆ្នាំ២០២១សម្រាប់ខ្ញុំ។ ពិតណាស់ ខ្ញុំក៏សូមអរគុណដល់ក្រុម Barcelona ក្រុមជម្រើសជាតិអេស្ប៉ាញ ក្រុមគ្រួសាររបស់ខ្ញុំ មិត្តភក្តិរបស់ខ្ញុំ និងអស់អ្នកដែលនៅជិតខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃ បើគ្មានពួកគេ ខ្ញុំក៏មិនអាចឈ្នះពានរង្វាន់ Golden Boy ដែរ”។
កីឡាករ Pedri នឹងទទួលពានរង្វាន់នេះនៅក្នុងពិធីមួយនៅទីក្រុង Turin នៅថ្ងៃទី១៣ ខែធ្នូ ដោយយករង្វាន់ដែលកីឡាករ Erling Haaland ធ្លាប់ឈ្នះក្នុងឆ្នាំ២០២០កន្លងទៅ។
ជាមួយគ្នានេះក្លិប Barcelona បានចេញសេចក្តីថ្លែងការណ៍អបអរសាទរចំពោះកីឡាករវ័យជំទង់រូបនេះផងដែរ។ ក្លិបបានប្រកាសថា “Pedriមិនឈប់ឈរក្នុងការប្រណាំងដើម្បីក្លាយជា Golden Boy។ ក្រោយចប់ការប្រកួត Pedri បាននិងកំពុងអភិវឌ្ឍក្នុងអត្រាមិនធម្មតា ទោះបីជាមានបញ្ហារបួសក៏ដោយ កីឡាកររូបនេះលេងបានច្រើននាទីសម្រាប់ Barcelona ជាងអ្នកផ្សេងទៀតក្នុងរដូវកាល២០២១–២០២២ ហើយពិតជាពិសេសក្នុងពួកគេទាំងអស់។ ការប្រកួតអន្តរជាតិដែលគាត់បានលេងចំនួន៧៣ រួមទាំង Euro 2020 និង Tokyo Olympics ដែលគាត់ជាម្ចាស់មេដាយប្រាក់ គឺគាត់បានលេងច្រើនជាងអ្នកផ្សេងទៀតនៅក្នុងលីគកំពូលរបស់អឺរ៉ុប” ៕
ដោយ៖ ភារៈ(រូបភាព ៖ MARCA)