ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២១នេះ បរិវេណវត្តអរុណវត្តី ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោក ហែម ដារិទ្ធ ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត៣០គ្រួសារ ចាស់ជរា៥០គ្រួសារ ជនពិការ១០គ្រួសារ ស្ត្រីមេម៉ាយ១០គ្រួសារ សរុបចំនួន១០០គ្រួសារ រស់នៅសង្កាត់ត្រពាំងក្រសាំង ។
សូមបញ្ជាក់ថា, នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែយកចិត្តទុកដាក់ខ្ពស់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។ ជាមួយគ្នានេះដែរ លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំធ្វេសប្រហែសបន្តប្រុងប្រយត្ន័ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ៖ ៣ការពារ និង ៣កុំ ដេីម្បីចូលរួមទប់ស្កាត់ និងការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ។
អំណោយមនុស្សធម៌ដែលផ្តល់ជូនក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ និងថវិកាចំនួន៤មុឺនរៀល ៕
ដោយ ៖ សិលា