ខេត្តព្រះវិហារ ៖ កម្លាំងមន្ត្រីបរិស្ថានខេត្តព្រះវិហារ បានសហការជាមួយកម្លាំងចម្រុះចុះបង្ក្រាប និងរឹបអូសឈើជាង៦ម៉ែត្រគូប ដែលក្រុមឈ្មួញដឹកតាមរថយន្តធំបំណងឆ្លងទៅលក់នៅខេត្តផ្សេង។
ប្រតិបត្តិការនេះធ្វើឡើងកាលពីរំលងអធ្រាត្រចូលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅត្រង់ភូមិពោធិ៍ទាប ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ។
ប្រភពពីមន្រ្តីបរិស្ថានខេត្តព្រះវិហារបានឲ្យដឹងថា ដោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋល្អ កម្លាំងចម្រុះរបស់ខេត្តក៏បានចចុះទៅបង្ក្រាបដល់កន្លែងនិងរឹបអូសឈើប្រភេទលេខ២អត់ច្បាប់ បានជាច្រើនម៉ែត្រគូបនៅត្រង់ភូមិពោធិ៍ទាប ស្រុកត្បែងមានជ័យនៃខេត្តព្រះវិហារ។ ឈើទាំងនេះ ត្រូវបានក្រុមឈ្មួញប្រុងដឹកតាមរថយន្តធំៗយកទៅលក់ចែកចាយបន្តនៅតាមខេត្តនានា តែកម្លាំងចម្រុះដឹងមុនក៏ចេញទៅបង្រ្កាបទាន់។
យ៉ាងណាមុនកម្លាំងចម្រុះ ចុះទៅដល់ទីតាំងដែលក្រុមឈ្មួញបម្រុងដឹកឈើចេញ ក្ក្រុមឈ្មួញទាំងនេះបានដឹងខ្លួនមុន ក៏គេចខ្លួនបាត់អស់ដោយបន្សល់ទុកវត្ថុតាងមានឈើជាច្រើនម៉ែត្រគូប។ ក្រោយមកផ្នែកជំនាញបានដឹកឈើទាំងអស់យកទៅរក្សាទុកនៅមន្ទីរបរិស្ថានដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់រួចហើយ៕
ដោយ ៖ ប្រាថ្នា