ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំ ប្រាប់ពីកម្មវិធីស្វ័យសិក្សា លេីទូរស័ព្ទដៃ «MoEYS E-Learning»

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងអប់រំយុវជននិងកីឡា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់ពីកម្មវិធីស្វ័យសិក្សា «MoEYS E-Learning» បានបង្កើតឡើងដើម្បីគាំទ្រដល់ដំណើរការអប់រំតាមបែបស្វ័យសិក្សាសម្រាប់សិស្សានុសិស្សនៅគ្រប់ភូមិសិក្សា និងគ្រប់កម្រិតសិក្សា គ្រប់ពេលវេលា និងទីកន្លែងដែលសមប្រកប ។ ក្រសួងអប់រំ យុវជននិងកីឡា បានបន្តថា សិស្សានុសិស្សអាចទទួលបានព័ត៌មានសំខាន់ៗ វីដេអូមេរៀនពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ មានកម្រងសៀវភៅ និងឯកសារសិក្សា លំហាត់សាកល្បងសមត្ថភាព រួមជាមួយមុខងារល្អៗជាច្រើនទៀត ។

ការបង្កើតកម្មវិធីស្វ័យសិក្សា «MoEYS E-Learning» ជាការរួមចំណែកដល់បរិបទនៃបរិវត្តកម្មនៅក្នុងអេកូស៊ីស្តែមនៃការអប់រំឌីជីថល និងការអប់រំពីចម្ងាយ ដែលជាការត្រួសត្រាយផ្លូវសម្រាប់សិស្សានុសិស្សក្នុងការប្រឡូកក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០ ។

សូមជម្រាបផងដែរថា សម្រាប់កម្មវិធីស្វ័យសិក្សា «MoEYS E-Learning» នេះជាគំនិតផ្ដួចផ្ដើម និងកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា។ ត្រូវបានចូលរួមអភិវឌ្ឍដោយ E-School Cambodia និងទទួលបានការគាំទ្រជាស្មារតីដោយគណៈកម្មការ អប់រំ យុវជន  កីឡា កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាជាតិ។ ហើយ ក្រសួងអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា រួមទាំងអ្នកចូលរួមអភិវឌ្ឍកម្មវិធីទាំងអស់សង្ឃឹមយ៉ាងមុតមាំថា សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល និងសាធារណជនទាំងអស់ នឹងទទួលបានអត្ថប្រយោជន៍ពីកម្មវិធីស្វ័យសិក្សានេះ តាមលទ្ធភាព ហើយប្រើប្រាស់កម្មវិធីនេះប្រកបដោយប្រសិទ្ធភាព៕

ដោយ ៖ សិលា


ចែករំលែក៖