ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Visa ផ្តល់បច្ចេកវិទ្យាសុវត្ថិភាព Contactless EMV® Chip Standards ដល់សមាគមធនាគារនៅកម្ពុជា ដើម្បីជំរុញអន្តរប្រតិបត្តិការទូទាត់ តាមរយៈការប្រើប្រាស់កាតនៅកម្ពុជា

ចែករំលែក៖

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ៨រោច ខែ កត្តិក ឆ្នាំឆ្លូវ ត្រីស័ក ត្រូវនឹងថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ សមាគមធនាគារនៅកម្ពុជា និង Visaដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈប្រព័ន្ធឌីជីថល​ឈានមុខគេ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU) ដើម្បីបន្តផ្តល់អាជ្ញាប័ណ្ណប្រើប្រាស់បច្ចេកវិទ្យាសុវត្ថិភាព Visa’s contactless EMV® chip standards សម្រាប់ពង្រឹងប្រព័ន្ធ ecosystemនៃការទូទាត់ក្នុងស្រុក និង គាំទ្រដល់បណ្តាញអន្ដរធនាគាររបស់កម្ពុជាដែលមានឈ្មោះថា Cambodian Shared Switch (CSS) ក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យាស្តង់ដារួមស្របគ្នាជាមួយនឹងកាតអន្តរជាតិដទៃទៀត។

ចាប់តាំងពីឆ្នាំ ២០១៩ មក Visa បានផ្តល់សិទ្ធិដល់សមាគមធនាគារនៅកម្ពុជាក្នុងការប្រើប្រាស់បច្ចេកវិទ្យាសុវត្ថិភាព EMV® chip standards ក្នុងទម្រង់ជាបន្ទះឈីបសម្រាប់ប្រតិបត្តិការទូទាត់ក្នុងស្រុក ជំនួសការប្រើMagnetic Stripe ដើម្បីពន្លឿនការផ្លាស់ប្តូរសម្រាប់ការទូទាត់តាមរយៈកាត

សេចក្តីនៅក្នុងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានៅថ្ងៃនេះផងដែរ ក៏បានបញ្ជាក់ពីការសហការរបស់ ក្រុមហ៊ុន  Visa ជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីគាំទ្រដល់ធនាគារជាតិនៃកម្ពុជា ក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់ក្នុងស្រុកឲ្យកាន់តែប្រសើរឡើង។ ការសហការគ្នាលើការទូទាត់តាមរយៈកាតដោយប្រើបច្ចេកវិទ្យារបស់ Visa នឹងធ្វើឲ្យប្រតិបត្តិការនៃការទូទាត់អាចប្រព្រឹត្តទៅតាមរយៈបណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet ដែលនឹងផ្តល់នូវការទូទាត់ដែលអាចទុកចិត្តបាន និងមានសុវត្ថិភាពនៅទូទាំងពិភពលោក។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានមានប្រសាសន៍ថា ៖ «កិច្ចសហការរួមនៃបណ្តាញអន្ដរធនាគាររបស់កម្ពុជានេះ គឺធ្វើឡើងស្របជាមួយនឹងការណែនាំរបស់ធនាគារជាតិនៃកម្ពុជា​ នឹងជួយពន្លឿនការអភិវឌ្ឍន៍នៃការទូទាត់តាមរយៈឌីជីថលនៅក្នុងប្រទេសកម្ពុជា»។ លោកបន្តទៀតថា៖ «តាមរយៈកិច្ចសហការួមនេះ ក៏នឹងជួយលើកម្ពស់ស្តង់ដារសុវត្ថិភាព ផ្តល់ជាប្រយោជន៍ដល់ប្រព័ន្ធ ecosystem ទាំងមូលផងដែរ។ សមាគមធនាគារនៅកម្ពុជា លើកទឹកចិត្តឲ្យសមាជិកទាំងអស់ ចូលរួមជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យារួមនេះ ដើម្បីអនុម័តឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»

ធនាគារពាណិជ្ជ និង គ្រឹះស្ថានដាក់ប្រាក់បញ្ញើ មីក្រូហិរញ្ញវត្ថុ ទាំងអស់តម្រូវឱ្យចូលរួមជាមួយបណ្តាញអន្ដរធនាគាររបស់កម្ពុជា (CSS) នោះការដាក់បញ្ចូលស្លាកសញ្ញាបង់ប្រាក់ពីរ ឬច្រើន ឬកម្មវិធីទូទាត់ដែលមានលក្ខណៈដូចគ្នានៅលើឧបករណ៍ទូទាត់ដូចគ្នា នឹងបង្កើនស្តង់ដារសុវត្ថិភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្រាប់ប្រព័ន្ធទូទាត់នៅកម្ពុជាទាំងមូល

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រង Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា «តាមរយៈការ   ផ្តល់នូវបច្ចេកវិទ្យារបស់យើងសម្រាប់ការបង្កើតនូវស្លាកសញ្ញាទូទាត់រួម ជូនដល់ធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាការបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនVisa ចំពោះទីផ្សារ។ កត្តានេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មទាំងមូល ឲ្យទទួលបាននូវបច្ចេកវិទ្យាឈានមុខគេបំផុតមួយរបស់ពិភពលោក គាំទ្រដល់ ecosystem សម្រាប់ជម្រុញវិស័យទូទាត់ក្នុងស្រុកឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព»

នៅក្នុងកិច្ចព្រមព្រៀងជាមួយ សមាគមធនាគារនៅកម្ពុជា ក្រុមហ៊ុន Visa ក៏បានយល់ព្រមក្នុងការវិនិយោគលើការពិនិត្យប្រព័ន្ធបច្ចេកវិទ្យា បន្ទះឈីបកាតរបស់ CSS និងគាំទ្របណ្តាញអន្ដរធនាគាររបស់កម្ពុជាក្នុងការងារនេះផងដែរ សមាជិកសមាគមធនាគារនៅកម្ពុជា ដែលចូលរួមសហការជាមួយនឹងគម្រោងកាតអន្តរជាតិផ្សេងទៀត ក្រុមហ៊ុន Visa បានសន្យាថានឹងផ្សារភ្ជាប់ពួកគេជាមួយក្រុមហ៊ុនភាគីទីបីសម្រាប់សេវាកម្មដែលពាក់ព័ន្ធ។

បណ្តាញអន្ដរធនាគាររបស់កម្ពុជា (Cambodian Shared Switch) គឺជាគ្រោងការណ៍មួយរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីគាំទ្រដល់អន្តរប្រតិបត្តិការនៃប័ណ្ណឥណពន្ធ ដែលមានកម្មសិទ្ធិនៅតាមបណ្តាញម៉ាស៊ីនATM និងម៉ាស៊ីនឆូតកាត POS នៅទូទាំងប្រទេសកម្ពុជា ៕

អំពីសមាគមធនាគារនៅកម្ពុជា (ABC)

សមាគមនាគារនៃកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៤ និងត្រូវបានទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា គឺជាស្ថាប័នផ្លូវការតំណាងឲ្យវិស័យធនាគារឯកជននៅកម្ពុជា។ ក្នុងឆ្នាំ១៩៩៧ ABC ត្រូវបានទទួលស្គាល់ជាផ្លូវការពីទីស្តីការគណៈរដ្ឋមន្ត្រី។ ABC បានក្លាយជាសមាជិកទី៨ នៃសមាគមធនាគារអាស៊ាន (ABA) នៅក្នុងឆ្នាំ១៩៩៩។ ABC ត្រូវបានដំណើរការក្រោមក្របខ័ណ្ឌនៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ឆ្នាំ ១៩៩៩ នឹងមាត្រា នានាដែលត្រូវបានអនុម័តនៅថ្ងៃទី ២៨ ខែសីហាឆ្នាំ ២០០១ ព្រមទាំងបានចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២ ខែតុលាឆ្នាំ ២០០១។ ទីបំផុតនៅថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ ២០១២ ABCបានចុះឈ្មោះជាផ្លូវការជាមួយក្រសួងមហាផ្ទៃ។

 

សមាគម មានគោលបំណងគាំទ្រដល់ការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជាដែលមានភាពរឹងមាំ។ អេប៊ីស៊ី បានដើរតួនាទីយ៉ាងសកម្ម និងសំខាន់ក្នុងការជំរុញការសន្ទនាប្រកបដោយការស្ថាបនា និងកិច្ចសហប្រតិបត្តិការជាមួយសមាជិកធនាគារជាតិនៃកម្ពុជា និងអ្នកពាក់ព័ន្ធដទៃទៀតនៅថ្នាក់ជាតិនិងថ្នាក់តំបន់ដើម្បីពង្រឹងសមត្ថភាព និងដោះស្រាយបញ្ហាប្រឈមដែលបានកើតឡើង ទាំងនៅថ្នាក់ជាតិនិងថ្នាក់តំបន់។ ដើម្បីលើកស្ទួយសុខភាពហិរញ្ញវត្ថុ និងវិជ្ជាជីវៈជំនាញរបស់ធនាគារ និងស្ថាប័នហិរញ្ញវត្ថុដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សប្រកបដោយតុល្យភាពនិងនិរន្តរភាពហើយដែលសមស្របនឹងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។

បច្ចុប្បន្ន ABC មានសមាជិកចំនួន ៦៥ រួមមានធនាគារពាណិជ្ជកម្មចំនួន ៤៥ ធនាគារឯកទេសចំនួន ១៥ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ០១ (CMA) និងការិយាល័យតំណាងធនាគារចំនួន ០៤ ដែលមានទីតាំងនៅប្រទេសកម្ពុជា។

អំពីក្រុមហ៊ុន Visa
Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល។  បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូលតាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ជាមួយអ្នកប្រើប្រាស់អាជីវករ និងជួយឲ្យសេដ្ឋកិច្ចមានការរីកចម្រើន។ បណ្តាញទំនើបឈានមុខគេបំផុតមួយរបស់ពិភពលោកគឺ VisaNet របស់យើង ផ្តល់ការទូទាត់ដែលអាចទុកចិត្តបាននិងមានសុវត្ថិភាពនៅទូទាំងពិភពលោក នឹងមានលទ្ធភាពគ្រប់គ្រងប្រតិបត្តិការជាង ៦៥,០០០ប្រតិបត្តិការក្នុងមួយវិនាទី។ ក្រុមហ៊ុនផ្តោតការយកចិត្តទុកដាក់ឥតឈប់ឈរលើការច្នៃប្រឌិតដែលនេះជាកត្តាជម្រុញដល់ភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃការធ្វើពាណិជ្ជកម្មដែលបានផ្សារភ្ជាប់ទៅនឹងឧបករណ៍អេទ្បិចត្រូនិចណាក៏បាននិងជាកម្លាំងមួយនៅពីក្រោយការកសាងនូវក្តីសុបិន្តរបស់អនាគតcashless សម្រាប់មនុស្សគ្រប់គ្នានៅគ្រប់ទីកន្លែង។ នៅពេលដែលពិភពលោកផ្លាស់ប្តូរពី analog ទៅឌីជីថល វីសាក៏កំពុងតែពង្រឹងលើស្លាកសញ្ញា ផលិតផលបុគ្គលិក និង បណ្តាញរបស់ខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយនឹងការផ្លាស់ប្តូរពាណិជ្ជកម្មនាថ្ងៃអនាគត។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖

កញ្ញា ត្រាង ង្វៀន (Trang Nguyen)
ក្រុមហ៊ុន Visa Worldwide Pte. Limited
ទូរស័ព្ទ (84) 28 3520 7439
អុីម៉ែល  trang.nguyen@visa.com

កញ្ញា គ្រី​ សុវណ្ណារី

ក្រុមហ៊ុន Red Dot (Cambodia) Co., Ltd តំណាងក្រុមហ៊ុន Visa Inc.

ទូរស័ព្ទ (855) 11 733 368

អុីម៉ែល  nary@reddot.com.kh

 


ចែករំលែក៖