ខេត្តកំពត៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និងការប្រគល់-ទទួលហេដ្ឋារចនាសម្ព័ន្ធអប់រំនៅតាមសាលាគរុកោសល្យ និងវិក្រឹតការខេត្តគោលដៅ ជូនដល់គណៈគ្រប់គ្រងសាលា ដែលសមិទ្ធិផលថ្មីនេះ ត្រូវបានប្រសូត្រចេញពីការសហការគ្នារវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយអង្គការយូណេស្កូ ដែលអនុវត្តលើគម្រោងពង្រឹងកម្មវិធីអប់រំគ្រូបង្រៀននៅកម្ពុជា (STEPCam) លើការងារកែលម្អហេដ្ឋារចនាសម្ព័ន្ធអប់រំនៅតាមសាលាគរុកោសល្យខេត្តទាំង១១ទីតាំង (PTTCs) ដោយយល់ឃើញថា ការបង្កើនសមត្ថភាពគ្រូបង្រៀនបឋមសិក្សានៅកម្ពុជា គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការលើកកម្ពស់ការអប់រំរបស់កុមារ និងផ្តល់ឱ្យពួកគេនូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការរៀនសូត្រ និងការអភិវឌ្ឍនាពេលអនាគត។
ការកសាងសមត្ថភាពគ្រូបង្រៀនបឋមសិក្សានិងបុគ្គលិកអប់រំ ឲ្យកាន់តែមានសមត្ថភាពប្រសើរឡើងនោះ អង្គការយូណេស្កូ បានប្រគល់ កុំព្យូទ័របន្ទះ (Tablets) ចំនួន ១៧៦ គ្រឿង ដល់នាយកដ្ឋានបឋមសិក្សា របស់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ជូនគ្រូឧទ្ទេស និងអ្នកសម្របសម្រួលកម្មវិធីអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ដើម្បីជួយសម្រួលដល់ការអភិវឌ្ឍលើជំនាញឌីជីថលបន្ថែមទៀត។
សូមបញ្ជាក់ដែរថា បន្ទាប់ពីបានធ្វើការពិភាក្សាពិគ្រោះយោបល់ និងផ្អែកលើតម្រូវការជាក់ស្តែងគ្រឹះស្ថានគរុកោសល្យ និងវិក្រឹតការខេត្តទាំង១១ ដែលត្រូវបានកែលម្អមានទីតាំងនៅខេត្តបន្ទាយមានជ័យ កំពត កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ ក្រចេះ ព្រះសីហនុ ព្រះវិហារ ពោធិសាត់ ស្ទឹងត្រែង និងស្វាយរៀង។
ពិធីសម្ពោធនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ | នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពត ចូលរួមតំណាងអង្គការយូណេស្កូ ឯកឧត្តមអភិបាលខេត្ត ព្រមទាំងឯកឧត្តមលោកជំទាវជាច្រើនរូបទៀត។
នៅក្នុងអង្គពិធីនេះ លោកបានមានប្រសាសន៍សំណេះសំណាល និងថ្លែងអំណរគុណដល់អង្គការយូណេស្កូដែលបានជួយសហការឧបត្ថមគាំទ្រជួយជួសជុលកែលម្អដល់សាលាគរុកោសល្យគោលដៅទាំង១១ទីតាំង ធ្វើឲ្យសមិទ្ធិផលទាំងអស់នេះសម្រេចបានទៅតាមការគ្រោងទុក។ បន្ទាប់ពីប្រសាសន៍ចំណាប់អារម្មណ៍រួច អង្គពិធីមានការរៀបចំ ជូនថ្នាក់ដឹកនាំក្រសួង តំណាងអង្គការ ព្រមទាំងអង្គភាពពាក់ព័ន្ធ ធ្វើការប្រគល់ជូននូវ៖
១-ពិធីប្រគល់វិញ្ញាបនបត្រជូនគណៈគ្រប់គ្រងសាលាគរុកោសល្យគោលដៅទាំង ១១ទីតាំង។
២-ពិធីប្រគល់ពានរង្វាន់សម្តេចតេជោសែន ជ័យលាភីនាយកសាលាល្អ ឆ្នាំសិក្សា២០១៩-២០២០ ដល់លោកស្រី តុប ធីតា នាយិកាវិទ្យាល័យ ជា ស៊ីម អង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត។
៣-ពិធីប្រគល់-ទទួល កុំព្យូទ័របន្ទះ រវាងអង្គការយូណេស្កូ និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជូនគ្រូឧទ្ទេស និងអ្នកសម្របសម្រួលកម្មវិធីអំណាន និងគណិតវិទ្យាថ្នាក់ដំបូង។
ឆ្លៀតក្នុងឱកាសនេះរដ្ឋមន្ត្រីបានមានប្រសាសន៍វាយតម្លៃខ្ពស់ក្នុងការខិតខំប្រឹងប្រែងរបស់លោកគ្រូ អ្នកគ្រូ ក្នុងការខិតខំប្រឹងប្រែងកន្លងមកនេះ។ ជាពិសេស លោករដ្ឋមន្ត្រីសង្ឃឹមថាការបង្កើតបន្ទប់កុំព្យូទ័រ នឹងជួយបង្កើតការគាំទ្របន្ថែមដល់គ្រូឧទ្ទេស និងគរុសិស្សទទួលបានការបណ្ដុះបណ្ដាលបន្ថែម ដើម្បីអភិវឌ្ឍន៍វិស័យអប់រំឱ្យកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់លោក Sarlar Umar Alam ដែលតែងតែជួយឧបត្ថមគាំទ្រដល់វិស័យអប់រំ ក៏ដូចជារដ្ឋាភិបាលកម្ពុជាផងដែរ៕
ដោយ ៖ សិលា