ព័ត៌មានទាន់ហេតុការណ៍៖

«កំណត់ត្រាសោកសៅ»ពីការឆ្លងកូវីដ-១៩ នៅកូរ៉េខាងត្បូង

ចែករំលែក៖

ប្រទេសកូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងនៅថ្ងៃទី២៤ខែវិច្ឆិកានេះបានរកឃើញករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ដែលគេហៅថា«កំណត់ត្រាសោកសៅ»នៅក្នុងប្រទេសនេះដោយមានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅជាង៤ពាន់នាក់ក្នុងមួយថ្ងៃ។
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Kim Boo-kyum បានគូសបញ្ជាក់ប្រាប់កិច្ចប្រជុំ ឆ្លើយតបនឹងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះថា បើក្រឡេកមើលទីក្រុងសេអ៊ូល និងតំបន់ជុំវិញនោះតែម្នាក់ឯង ស្ថានភាពគឺធ្ងន់ធ្ងរគ្រប់គ្រាន់ ក្នុងការត្រៀមផែនការប្រកាសអាសន្ននៅគ្រប់ពេលវេលា។
លោក Kim Boo-kyum បានអំពាវនាវឱ្យអាជ្ញាធរសុខាភិបាល ចាត់ចែងអ្នកជំងឺទៅតាមស្ថានភាព ឬរោគសញ្ញារបស់ពួកគេ និងប្រើប្រាស់ជម្រើសនៃការសម្រាកព្យាបាលនៅផ្ទះដោយខ្លួនឯង! សម្រាប់ករណីស្រាល ឬករណីគ្មានរោគសញ្ញា។ លោក Kim Boo-kyum បានថ្លែងទៀតថា កាលពីសប្តាហ៍មុន តិចជាង២០% ប៉ុណ្ណោះនៃអ្នកជំងឺ COVID-19 សរុបដែលអាចសម្រាកព្យាបាលនៅផ្ទះដោយខ្លួនឯង។
កូរ៉េខាងត្បូងគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសដំបូងៗគេ ដែលបានកត់ត្រានូវករណីឆ្លង COVID-19 បន្ទាប់ពីជំងឺនេះបានលេចចេញនៅចិនកាលពីចុងឆ្នាំ ២០១៩ ហើយរហូតមកទល់ពេលនេះ កូរ៉េខាងត្បូងបានកត់ត្រា ករណីឆ្លងសរុបនៅទូទាំងប្រទេស ៤២៥,០៦៥ករណី ក្នុងនោះមានអ្នកស្លាប់ ៣,៣៦៣នាក់ ខណៈ ៧៩.១% នៃប្រជាជនសរុប ៥២លាននាក់របស់ខ្លួន បានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន០២ដូស) រួចរាល់ហើយ ប៉ុន្តែមានតែ ៤.១% ប៉ុណ្ណោះបានចាក់វ៉ាក់សាំងដូសជំរុញ៕

ដោយ៖ធីរីណា(រូបថត៖Yonhap/TTXVN)


ចែករំលែក៖