ភ្នំពេញ៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមនៅក្នុង វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១(1st Asia-Europe Economic and Business Forum-AEEBF1) តាមរយៈប្រព័ន្ធវីដេអូ (Zoom Webinar) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
វាគ្មិនសំខាន់ៗក្នុងកម្មវិធីបើកនៃវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប រួមមាន៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ,លោកស្រី ស៊ីទី រ៉ូហ្សាយមឺរីយ៉ានទី ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ឆ្នាំ២០២១ នៃប្រទេសព្រុយណេ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកស្រី ល្វីសា សានតូស អគ្គនាយករងនៃស្ថាប័ន Business Europe លោក អូរបាន វីកទ័រ ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំប្រទេសកម្ពុជា។
វេទិកានេះប្រព្រឹត្តទៅក្រោមមូលបទ “ ការផ្លាស់ប្តូរទៅគន្លងប្រក្រតីភាពថ្មី៖ ការធ្វើអានុភាវូបនីយកម្មខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តឧស្សាហកម្ម ៤.០” ដើម្បីពិភាក្សាស៊ីជម្រៅលើប្រធានបទពាក់ព័ន្ធសំខាន់ៗ និងរួមគំនិតគ្នាដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍដល់គ្រប់ប្រទេសជាសមាជិក ASEM នៅអាស៊ី និងអឺរ៉ុប។
អ្នកចូលរួមក្នុងកម្មវិធីនេះ រួមមានមន្រ្តីជាន់ខ្ពស់នៃរដ្ឋាភិបាលប្រទេស ASEM ថ្នាក់ដឹកនាំធុរកិច្ច ធុរជន បញ្ញាវ័ន្ត អ្នករៀបចំគោលនយោបាយ និងវិស័យឯកជនមកពីអាស៊ី-អឺរ៉ុប ក្នុងគោលបំណងប្រមូលផ្តុំអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីពិភាក្សាអំពីប្រធានបទពាក់ព័ន្ធនឹងសក្តានុពលពាណិជ្ជកម្ម ក៏ដូចជាឥទ្ធិពលដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ លើវិស័យពាណិជ្ជកម្ម និងវិនិយោគ និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍដល់គ្រប់ប្រទេសជាសមាជិក ASEM នៅអាស៊ី និងអ៊ឺរ៉ុប។
វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ នឹងមានការធ្វើបទបង្ហាញ ក៏ដូចជាកិច្ចពិភាក្សា ដើម្បីដាក់ចេញនូវចំនុចសំខាន់ៗចំនួន ៥ រួមមាន៖
1) ភាពជឿនលឿននៃឌីជីថលូបនីកម្ម (Digitalization) ជំរុញខ្សែច្រវាក់តម្លៃសកល (Global Value Chain) និងលទ្ធផល
2) ផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ច និងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺឆ្លងរាតត្បាត
3) តួនាទីសំខាន់នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅក្នុងបដិវត្តឧស្សាហកម្ម៤.០ និងគន្លងប្រក្រតីភាពថ្មី
4) កាលានុវត្តភាពកំណើនថ្មីសម្រាប់ពាណិជ្ជកម្មសកល និងអាជីវកម្ម ជាពិសេស ធុរកិច្ចថ្មី និងមីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម ដែលកើតចេញពីបច្ចេកវិទ្យាថ្មី និងឌីជីថលូបនីយកម្មនៅក្នុងបដិវត្តឧស្សាហកម្ម៤.០ រួមជាមួយនឹងការកែសម្រួល និងកំណែទម្រង់របស់រដ្ឋាភិបាលដែលកំពុងដំណើរការរួមបញ្ចូលទាំងបញ្ញត្តិគោលនយោបាយ និងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការវិនិយោគលើការអភិវឌ្ឍធនធានមនុស្សសម្រាប់កំណើនប្រកបដោយបរិយាប័ន្ន ជាពិសេសការផ្តល់សិទ្ធិអំណាចដល់ស្រ្តី និង
5) ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបៃតង និងធុរកិច្ចបៃតង ដើម្បីសម្របទៅនឹងបម្រែបម្រួលអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីកសាងភាពធន់ប្រឈមនឹងវិបត្តិ និងដើម្បីធានានិរន្តរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។សូមបញ្ជាក់ថា ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងការរៀបចំព្រឹត្តិការណ៍អមពីរ គឺវេទិកាសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (AEEF) និងវេទិកាធុរកិច្ចអាស៊ី-អឺរ៉ុប (AEBF) ដោយបានបញ្ចូលគ្នាជាវេទិការួមតែមួយក្រោមចំណងជើងថា “វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ (AEEBF1)”៕
ដោយ៖សហការី