ព័ត៌មានទាន់ហេតុការណ៍៖

បាត់ទ្រព្យរបស់ញឹកញាប់ពេកប្តឹងសមត្ថកិច្ចឱ្យជួយស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី៤នាក់មានទាំងគ្រឿងញៀនផង

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រីចំនួន៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ច សហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋានធ្វើការឃាត់ខ្លួននិងដកហូតបានថ្នាំញៀន ឧបករណ៍ឆ្កឹះសោ ព្រមទាំងសម្ភារពាក់ព័ន្ធមួយចំនួនទៀត ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅបន្ទប់ជួលជាន់ទី៣ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

   ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួនទាំង៤នាក់នោះ ទី១-ឈ្មោះ រុំ សុខដែន ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅខេត្តកោះកុង ។ ទី២- ឈ្មោះ ខៀវ ប៉ាច់ ភេទស្រី អាយុ៤៨ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ ត្រូវជាប្រពន្ធរបស់ជនសង្ស័យទី១ ។ ទី៣-ឈ្មោះ ចឹក ស្រីណុច ភេទស្រី អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្ដាល ។ ទី៤-ឈ្មោះ ឃឹម ចាន់វាសនា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិអូដឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

    បើតាមសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីម្ចាស់ផ្ទះជួលខាងលើជុំវិញសកម្មភាពចោរកម្មក្នុងមូលដ្ឋានញឹកញាប់ពេក ហើយបងប្អូនដែលស្នាក់នៅតាមបន្ទប់ជួលតែងតែបាត់បង់សម្ភារ របស់របរប្រើប្រាស់ផ្សេងៗ និងសង្ស័យមានអ្នកលួចជក់គ្រឿងញៀន ទើបនៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមការដឹកនាំរបស់លោកនាង ឧត្តម នាយប៉ុស្តិ៍រដ្ឋបាល ក្រោមបញ្ជាពីលោកវរសេនីយ៍ឯក ម៉ន វុធី អធិការខណ្ឌពោធិ៍សែនជ័យ រួមសហការជាមួយកម្លាំងអាជ្ញាធរសង្កាត់ និងម្ចាស់ផ្ទះ ធ្វើការត្រួតពិនិត្យតាមបន្ទប់ជួលឈានដល់ឃាត់ខ្លួនជនសង្ស័យបាន៤នាក់ ប្រុស២នាក់ ស្រី២នាក់។ លុះត្រួតពិនិត្យមើលក្នុងបន្ទប់ជនសង្ស័យសមត្ថកិច្ចរកឃើញសម្ភារដែលអ្នកជិតខាងបាត់បង់កន្លងមក និងរកឃើញថ្នាំញៀន១កញ្ចប់ រួមជាមួយឧបករណ៍ឆ្កឹះសោផងដែរ។ ចំណែកបន្ទប់មួយទៀតរកឃើញសំណល់គ្រឿងញៀន ថង់សម្រាប់ច្រកគ្រឿងញៀន និងសម្ភារឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួនទៀត ។

   ក្រោយពីឃាត់ខ្លួនបានជនសង្ស័យ ទាំង៤នាក់ពាក់ព័ន្ធបទល្មើសលួច និងប្រើប្រាស់គ្រឿងញៀនរួចមក សមត្ថកិច្ចបាននាំទៅសាកសួរនៅប៉ុស្តិ៍ត្រពាំងក្រសាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញចាត់ការបន្តតាមនីតិវិធី ៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖