ក្រុមមេឃខៀវ Manchester City បានយកឈ្នះ Paris St-Germain វិញ ក្រោយពីធ្លាប់ចាញ់ក្នុងការប្រកួតក្រៅទឹកដី និងធានាបានការឡើងទៅវគ្គ១៦ក្រុមចុងក្រោយ Champions League ក្នុងនាមជាក្រុមឈ្នះក្នុងពូល A។ ចំណែកក្រុម PSG ក៏បានកក់កៅអីទៅកាន់វគ្គ១៦ក្រុមដែរបើទោះបីចាញ់ក៏ដោយ ព្រោះក្រុមលេខ៣ RB Leipzig មានតែ៤ពិន្ទុប៉ុណ្ណោះនៅសល់១ប្រកួតទៀតក៏មិនមើលពិន្ទុ PSG ដែលមាន៨ពិន្ទុដែរ។
ការបង្ហាញដ៏អស្ចារ្យរបស់ក្រុម Man City ក្រុមភ្ញៀវបាននាំមុខ១គ្រាប់មុន បន្ទាប់ពី Kylian Mbappe រកបាន១គ្រាប់នៅនាទីទី៥០ឲ្យ PSG ប៉ុន្តែនៅនាទីទី៦៣ ខ្សែប្រយុទ្ធ Raheem Sterling រកបាន១គ្រាប់សងវិញ។បន្ទាប់មកកីឡាករបម្រុង Gabriel Jesus គឺជាអ្នករកបាន១គ្រាប់បាល់ជ័យជម្នះបន្ទាប់ពីការបញ្ជូនបាល់យ៉ាងល្អពី Bernardo Silva ស៊ុតបញ្ចូលទីផុតដៃអ្នកចាំទី PSG កីឡាករ Kaylor Navas នៅនាទីទី៧៦។
កំពូលតារាឆ្នើមទាំងបីរបស់ PSG ដែលមានដូចជា Mbappe, Lionel Messi និង Neymar គឺជាកីឡាករសំខាន់ក្នុងការប្រកួតនោះ ប៉ុន្តែនៅតែមិនអាចធ្វើអ្វីបានទៅលើក្រុម Man City ហើយនេះគឺជាជ័យជម្នះដ៏ល្អមួយ ដោយនាំពួកគេទៅកាន់វគ្គ១៦ក្រុមចុងក្រោយ មុនពេលពួកគេធ្វើដំណើរទៅជួប RB Leipzig សម្រាប់ការប្រកួតចុងក្រោយក្នុងពូល A ។
លទ្ធផលនេះធ្វើឲ្យក្រុម Man City ឡើងឈរលេខ១ក្នុងពូល A មាន១២ពិន្ទុក្នុង៥ប្រកួតក្របខ័ណ្ឌ Champions League ខណៈដែលក្រុម PSG ឈរចំណាត់ថ្នាក់លេខ២មាន៨ពិន្ទុក៏បានឡើងទៅកាន់វគ្គ១៦ក្រុមទាំង២ក្រុមផងដែរ ដោយសារក្រុមចំណាត់ថ្នាក់លេខ៣ RB Leipzig មានតែ៤ពិន្ទុ បើទោះបីក្រុមនេះឈ្នះមួយប្រកួតទៀតក៏នៅតែមិនស្មើក្រុមលេខ២ PSG ដែរ។
សូមបញ្ជាក់ថា គិតមកត្រឹម៥ប្រកួតក្នុងវគ្គជម្រុះតាមពូលនេះ មានក្រុមចំនួន១១ហើយដែលកក់កៅអីទៅកាន់វគ្គ១៦ក្រុមដោយស្វ័យប្រវត្តិ ទោះបីនៅសល់១ប្រកួតទៀតចប់វគ្គជម្រុះតាមពូលក៏ដោយ។ ក្រុមទាំង១១នោះមានដូចជា ក្រុម Manchester City និង PSG (ក្នុងពូលA), ក្រុមLiverpool (ពូលB), ក្រុម Ajax និង Sporting (ពូលC), ក្រុម Real Madrid និង Inter Milan (ពូលD), ក្រុម Bayern Munich (ពូលE), ក្រុម Manchester United (ពូលF), ក្រុម Chelsea និង Juventus(ពូលH)។ ចំណែកកៅអី៥ក្រុមទៀតនឹងត្រូវកាត់សេចក្តីក្នុងការប្រកួតជម្រុះតាមពូលចុងក្រោយដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៨ ទី៩ ខែធ្នូខាងមុខ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)