ភ្នំពេញ៖ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បន្តសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរៀបចំវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែង ក្រោមអធិបតីភាពលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលលើកទី៤នេះ មានការចូលរួមពី លោក លោកស្រី ជាប្រធានការិយាល័យ មកពីសាខា ក.ប.ប. ចំនួន ១០ខេត្ត ដោយមានការចូលរួមធ្វើបទបង្ហាញបណ្តុះបណ្តាលដោយ លោក ពេជ ច័ន្ទ អគ្គនាយករង ក.ប.ប. រួមជាមួយ លោក ក្រៃ ស៊ុនហៀង និងលោក ប៉ែន វីរៈឧត្ដម អនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានកិច្ចការប្រកួតប្រជែង។
គួររំលឹកផងដែរថា ច្បាប់ស្តីពីការប្រកួតប្រជែងត្រូវបានព្រះមហាក្សត្រឡាយព្រះហត្ថលេខាប្រកាសឱ្យប្រើកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ហើយវគ្គបណ្តុះបណ្តាលនេះនឹងដើរតួជាវេទិការមួយដើម្បីឱ្យមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. មានការយល់ដឹងកាន់តែស៊ីជម្រៅអំពីច្បាប់ថ្មីនេះ មុននឹងឈានដល់ការទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ក្រោមច្បាប់ស្តីពីការប្រកួតប្រជែង៕
ដោយ៖សហការី