ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ​ ទទួល​អំណោយ​មនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងកំពត

ចែករំលែក៖

ខេត្តកំពត៖ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​កាកបាទក្រហមកម្ពុជា​ បានឱ្យដឹងថា​ លោកស្រី គាត សារឹម មន្ត្រីប្រចាំការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងកំពត តំណាងឱ្យ លោក លាង រឿនសុធី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងកំពត នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ​ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន មកផ្តល់ជូនគ្រួសារប្រជាពលរដ្ឋងាយរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន១គ្រួសាររស់នៅក្នុងភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ។

ក្នុងឱកាសនោះដែរ លោកស្រី បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសំដែងនូវការសោកស្តាយ ពីសំណាក់លោក ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្រ្តីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។ 

បន្ថែមពីនេះ​ ក៏សូមឱ្យមានការប្រុងប្រយ័ត្នចំពោះភ្លើងទៀន ធូប សង្ក្រានហ្គាស និងមុនពេលចេញពផ្ទះត្រូវបិទកុងតាក់ភ្លើង  ហើយត្រូវប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងអនុវត្តនូវវិធានការការពារពីការឆ្លងជំងឺកូវីដ-១៩ ដូចខាងក្រោម ៖ ៣ការពារ ( ១.ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ) ៣កុំ (១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ) ។

ដោយ​ឡែក​ចំពោះ​អំណោយផ្តល់ជូនរួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ,ត្រីខ១០កំប៉ុង ,ទឹកស៊ីអ៊ីវ១យួរ ,ទឹកត្រី១យួរ ,ស្ករស១គីឡូក្រាម ,សម្ភារផ្ទះបាយមួយចំនួន និងថវិកា៥ម៉ឺនរៀលផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖