ព័ត៌មានទាន់ហេតុការណ៍៖

ពិតជាធ្វើបុណ្យបានទោសមែន! ឃើញគេអស់សាំងម៉ូតូបណ្តើរតាមផ្លូវខំនាំគ្នាសួរនាំបម្រុងជួយបែរជាត្រូវគេដេញកាប់ទៅវិញ

ចែករំលែក៖

ភ្នំពេញ ៖ ដោយ​មានចិត្ត​អាណិតចង់​ជួយ​ខណៈឃើញគេមានទុក្ខនៅពេលរាត្រីដ៏សែនស្ងាត់ដោយឃើញបុរស​ពី​រនាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​អស់​សាំង​តាម​ផ្លូវ​នោះ យុវជន​យុវតី​មួយ​ក្រុម​ក៏​បាន​ជិះ​ម៉ូតូ​ចូល​ទៅ​សួរនាំក្នុងបំណងល្អចង់ជួយយកអាសាបែរជា​ត្រូវ​បុរស​ពីរ​នាក់​នោះរួម​ទាំង​បក្ខពួក​បន្ថែម​ទៀត​បាន​ធ្វើការ​វាយ ​ប្រហារនិង​យក​កាំបិត​ផ្កា​ក់​ដេញ​កាប់ទៅវិញ ។

   ​ហេតុការណ៍​​ខាងលើនេះ​បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​ឡើងកាលពី​វេលា​ម៉ោង​២​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្បែរ​វិទ្យាល័យ​សម្ដេច​ហ៊ុន​សែន​ភ្នំពេញ​ថ្មី តាមបណ្ដោយ​ផ្លូវ​វត្ត​សំរោង​អណ្ដែត ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​ រាជធានីភ្នំពេញ ។

   តាម​ប្រភព​ព័ត៌មាន​ពី​យុវជន​រង​គ្រោះបាន​រៀបរាប់​ប្រាប់​ឱ្យដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ ពូកខ្លួនបាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​ 1AQ-3756 រួម​ជាមួយ​​មិត្តភក្តិ​​ប្រុស​ស្រី​ចំនួន​៧​នាក់​​ជិះ​ម៉ូតូ​ចំនួន​៤​គ្រឿង​ផ្សេង​ទៀត ដោយ​បាន​ជិះ​បណ្តើរគ្នា​ត្រឡប់​មក​ពី​ដើរ​លេង​នៅ​សួនច្បារ​វត្ត​បទុម​វ​តី ក្នុង​គោល​បំណង​ជិះ​ជូន​មិត្តភក្តិ​ស្រី​ៗ​ទៅ​ផ្ទះ​របស់​ពួក​គេ​វិញ​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ​។ ពេល​ជិះ​ទៅ​ដល់​ចំណុចខាងលើ​ ក៏​មាន​បុរស​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាកបាន​ជិះ​បញ្ច្រាសទិស​គ្នា​ជាមួយ​ក្រុមខ្លួន ស្រប​ពេល​នោះ​ដែរបុរស​ពីរ​នាក់​នោះ​ក៏​បាន​ស្រែកថា​ម៉ូតូ​អស់​សាំង​ ហើយក៏បាន​ឈប់​ម៉ូតូ​ ។ដោយ​សារ​តែឃើញ​ផ្លូវ​មាន​សភាព​ស្ងាត់ និង​មាន​បំណង​ចង់​ជួយ​បុរស​ទាំង​ពីរ​នាក់ផង​​នោះ ទើបរូបខ្លួនរួម​ជាមួយ​នឹង​​មិត្តភក្តិ​បាន​បត់​ម៉ូតូ​ជិះ​ចូល​ទៅ​សួរនាំ​បុរស​ទាំង​ពីរ​នាក់​នោះ និង​បាន​សួរ​ថា «កើត​អី​បង ​ម៉ូតូ​អស់​សាំង​មែន?»​។ ភ្លាម​ៗ​នោះ ស្រាប់តែ​បុរស​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ពីរ​នាក់នោះបាន​ស្រែក​ត្រឡប់​មក​វិញ​ថា «ស្អី​អ្ហែង​ចង់​វ៉ៃ​អញ​មែន​?»  រួច​ក៏​បាន​ស្ទុះ​មក​វាយ​រូបខ្លួនមួយ​ដៃ ពេល​នោះ​ក៏​ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀតដែល​ជា​បក្ខពួក​របស់​បុរស​ទាំង​២​នាក់​នោះមិនដឹង​ជា​រត់​ចេញ​មកពីណា​នោះ​ទេ ដោយ​ដៃ​មាន​កាន់​កាំបិត​ផ្គាក់​មួយ​ដើមផងបាន​រត់​ដេញ​មក​កាប់​រូបខ្លួនបន្ថែម​ទៀតធ្វើ​ឲ្យ​រូបខ្លួនភ័យ​ស្លន់ស្លោ​ផ្តួល​ម៉ូតូ​ចោល​រត់​យករួចខ្លួន ត្រូវ​ភាគី​ខាង​ម៉ូតូ​អស់​សាំង​កាប់​កម្ទេច​ម៉ូតូ​របស់ខ្លួនដែលជាជនរងគ្រោះបណ្តាល​ឱ្យ​​បែកកា​ទ័​រ​ម៉ាស៊ីន និង​ចង្កៀង​ខាង​មុខ​ ។ រួច​បុរស​ទាំង​បី​នាក់​នោះ​ក៏​បាន​នាំ​គ្នា​គេចខ្លួន​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល​តែ​ម្ដង​។

    រហូតមកដល់រសៀលថ្ងៃទី២៥​ ខែវិច្ឆិកា ឆ្នាំ​២០២១នេះកម្លាំងនគរបាលប៉ុស្តិ៍និងកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនក្រុមជនសង្ស័យយកមក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖