ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកជាផ្លូវការកិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី​១៣ (ASEM13) តាមរយៈប្រព័ន្ធវីដេអូ នៅវិមាន​សនិ្តភាព រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ កម្ពុជា ក្នុង​នាម​ជាម្ចាស់​ផ្ទះ​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​លើក​ទី​១៣ (ASEM13) បានរៀប​ចំព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្រ្ត នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ នៅវិមាន​សនិ្តភាព រាជធានីភ្នំពេញ។ ​​

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បា អញ្ជើញជាអធិបតី​ដឹកនាំ​កិច្ច​ប្រជុំ​កំពូល​ដោយ​មាន​ការ​ចូលរួម​ពី​​​​ប្រមុ​ខរដ្ឋ/ប្រមុខ​រដ្ឋាភិបាល និងអ្នកតំណាងជាន់ខ្ពស់របស់ប្រទេស​ដៃគូ ASEM ទាំង ៥១ មកពីអាស៊ី និងអឺរ៉ុប ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈកម្មការអឺរ៉ុប និងអគ្គលេខាធិការអាស៊ាន។

​កិច្ចប្រជុំកំពូល ASEM13 ក្រោមមូលបទ «ការ​ពង្រឹង​ពហុភាគី​និយម​ដើម្បី​​កំណើនរួមគ្នា​​​​​» នឹងផ្តល់ឱ​កាស​​ដ៏ទាន់​ពេលវេលាមួយ ដល់ថ្នាក់ដឹកនាំមកពីតំបន់អាស៊ី និងអឺរ៉ុប ​​ដើម្បីបញ្ជាក់​ជា​ថ្មី​អំពីសា​រៈ​​​សំខា​ន់នៃកិច្ច​សហប្រតិបត្តិការ​​អាស៊ី​-អឺរ៉ុប ក្នុង​ការ​​ចូលរួម​ដោះស្រាយ​​​បញ្ហា​​​​សកល និង​តំបន់ សម្រាប់​​ផលប្រយោជន៍ទៅវិញទៅមក ក្នុង​នោះរួមទាំង​​​បញ្ហាការ​រីក​រាលដាល​នៃ​ជំងឺកូវីដ-១៩ និង​ផលប៉ះពាល់​ដល់សង្គម-​សេដ្ឋកិច្ច​បណ្តាល​មក​ពី​ជំងឺនេះ ផងដែរ​។

​សូមបញ្ជាក់ថា ក្នុង​អំឡុងពេល​កិច្ច​ប្រជុំ​រយៈ​ពេល​ពីរ​ថ្ងៃ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ថ្នាក់ដឹកនាំ ASEM នឹងពិភាក្សាអំពី​តួនាទីរបស់ ASEM ក្នុងការលើកកម្ពស់ពហុភាគីនិយម ដោយផ្តោតលើប្រធានបទពាក់ព័ន្ធ រួមមាន :

១)​ ASEM ក្នុងគម្រប់ខួប ២៥ ឆ្នាំ៖ សមិទ្ធផល បញ្ហាប្រឈម និងទិសដៅនាពេលអនាគត 

២) ការធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​នូវដំណើរការ​ពហុភាគីនិយម ដើម្បីសន្តិភាព និងស្ថិរភាពសកល 

៣) ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មផ្អែកលើវិធានច្បាប់ 

៤) កំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន

 ៥) ការតភ្ជាប់ ៦) ស្ត្រី សន្តិភាព និងសន្តិសុខ និង ៧) បម្រែបម្រួលអាកាសធាតុ ។

​ថ្នាក់ដឹកនាំ ASEM នឹងពិភាក្សាផងដែរ​អំពីជំងឺកូវីដ-១៩ និងការស្ដារ/អភិវឌ្ឍ​សង្គម​-សេដ្ឋកិច្ច ​ឡើង​វិញ ដោយផ្តោតលើ ១) ការដោះស្រាយបញ្ហាប្រឈមបង្កឡើងដោយជំងឺកូវីដ-១៩  ២) ការពន្លឿន ការស្ដារសង្គម-​សេដ្ឋ​កិច្ច​ឡើង​វិញក្រោយ​វិបត្តិកូវីដ-១៩ ដើម្បី​កំណើន​រួម​គ្នា និង​ ៣) ការ​កសាងឡើងវិញ​នូវ​​អនាគ​តប្រកបដោយភាពធន់។​​

​ក្នុង​អំឡុង​ពេល​នៃ​កិច្ច​ប្រជុំចង្អៀត ថ្នាក់ដឹកនាំ ASEM​ នឹង​មាន​ឱកាស​ចែករំលែក​ទស្សនៈ ដោយ​ត្រង់​ទៅ​ត្រង់​មក សេរី និង​តាមបែបស្ថាបនា ពាក់ព័ន្ធនឹង​បញ្ហា​សកល និង​តំបន់។ ​

​ក្រោមការដឹកនាំរបស់កម្ពុជា ASEM13 នឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣ រួមមាន (១) សេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំ ASEM13 (២) សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញស្តីពីការស្តារសង្គម-សេដ្ឋកិច្ចឡើងវិញ​ ក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ និង (៣) ឯកសារសកម្មភាព អនាគត​​ស្តីពីការតភ្ជាប់ ASEM។

​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល ASEM13 ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​​ការ​ប្តេជ្ញាចិ​ត្តខ្ពស់​បំផុត​រ​បស់​កម្ពុជា ​ក្នុង​ការ​ជំរុញ​ពហុភាគីនិយម​ ក៏ដូចជាការចូលរួមយ៉ាងសកម្មតាម​តែ​អាច​ធ្វើ​ទៅ​បាន​របស់​ខ្លួននៅក្នុង​​សហគមន៍​អន្តរជាតិ ​ដើម្បីដោះស្រាយបញ្ហាប្រឈម​​ជា​សកល​នាពេល​បច្ចុប្បន្ន និង​​កំពុងលេចឡើង​ថ្មីៗនេះ៕

ប្រភព ៖ (ទទក)


ចែករំលែក៖