ភ្នំពេញ ៖ រថយន្តតូយ៉ូតាព្រូសមួយគ្រឿង និងម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀតកំពុងបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែត្រូវរថយន្តធុនត្រា បុកពីចំហៀងពេញទំហឹង និងខ្ទាតទៅបុកម៉ូតូ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង០៧ និង៥០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ កែងច្រកចូលផ្សារក្រមួន ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុនោះគឺ មានរថយន្តToyota priusមួយគ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BD-0920 និងម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀតពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AM-4901 ដែលធ្វេីដំណេីរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីជេីងមកត្បូងស្របទិសគ្នា បានមកបត់ឆ្វេងឆ្លងផ្លូវទៅច្រកចូលផ្សារក្រមួនបានបន្តិច ស្រាប់តែមានរថយន្តToyota Tundra ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AI-2098 ដែលធ្វេីដំណេីរបញ្ច្រាស់គ្នាក្នុងល្បឿនយ៉ាងលឿន ហេីយបុកPriusពីចំហៀងពេញទំហឹងខ្ទាតទៅបុកម៉ូតូហុងដាឌ្រីម បណ្ដាលឲ្យរថយន្តបង្កនិងរថយន្តរងគ្រោះរងការខូចខាតយ៉ាងដំណំ រីឯម៉ូតូហុងដាឌ្រីមខូចខាតបន្តិចបន្តួចប៉ុណ្ណោះ ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលេីនេះ មានបុរសម្នាក់ជាម្ចាស់ម៉ូតូហុងដាឌ្រីមរបួសចំក្បាលបន្តិចបន្តួច តែម្ចាស់រថយន្តPriusរងរបួសគួរសម្យត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ ។
ក្រោយកេីតហេតុ ភាគីរថយន្តបង្ក Tundra បានសម្របសម្រួលជាមួយម្ចាស់ម៉ូតូរងគ្រោះ ដោយព្រមសងថ្លៃខូចខាត និងថ្លៃព្យាបាលរបួសមួយចំនួនដេីម្បីបញ្ចប់រឿង ។ បន្ទាប់មកភាគីរថយន្តបង្ក Tundra បានព្យាយាមទាក់ទងទៅខាងរថយន្តរងគ្រោះម៉ាក Prius ផងដែរតែទាក់ទងមិនបាន ទេីបសមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វេីការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕
ដោយ ៖ ភារ៉ា ដង្កោ