ខេត្តស្វាយរៀង៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក រស់ផារិទ្ធ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពងទឹក ស្រុករំដួល បានចុះជួបសំណេះសំណាលនិងនាំយកសម្ភារៈនិងថវិកាមួយចំនួនទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រុមគ្រួសារចាស់ជរា និងមានជីវភាពខ្វះខាត ចំនួន ២០គ្រួសារ នៅក្នុងឃុំពងទឹក ស្រុករំដួលខេត្តស្វាយរៀង។
ការចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋក្រុមគ្រួសារចាស់ជរា និងមានជីវភាពខ្វះខាត ចំនួន ២០គ្រួសារ ធ្វើឡើងនៅព្រឹកថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២១ដោយមានការចូលរួមពី លោក លោកស្រី ក្រុមការងារ លោកមេឃុំក្រុមប្រឹក្សាឃុំជាច្រើននាក់នៅសាលាឃុំពងទឹក ស្រុករំដួល។
លោក រស់ផារិទ្ធ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពងទឹក ស្រុករំដួល បានមានមតិផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាពិសេសលោកស្រី កិតិ្តសង្គហបណ្ឌិតម៉ែនសំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀងនិងក្រោមការដឹកនាំពី លោក ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង
ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ប្រកបដោយមនោសញ្ចេតនា ក្តីអាណិតអាសូ ការស្រលាញ់ និងសូមចែករំលែកនូវការលំបាករបស់បងប្អូនក្នុងដំណាក់កាលការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ ។
លោកបន្តថា ទោះបីជាក្នុងខេត្តស្វាយរៀង ជំងឺកូវីដ-១៩ មានការធូរស្បើយហើយយ៉ាងណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការថែរក្សាសុខភាព ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យ ធ្វេសប្រហែស ពីជំងឺកូវីដ-១៩ យើងត្រូវបន្តចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល ៣កុំ ៣ការពារ ២ចូលរួម ចាក់វាក់សាំង ទាំងអស់គ្នាផងដែរ។
បន្ទាប់មកលោកនិងក្រុមការងារក៏បាននាំយកសម្ភារៈនិងថវិកាមួយចំនួន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រុមគ្រួសារចាស់ជរា និងមានជីវភាពខ្វះខាត ចំនួន ២០គ្រួសារ នៅក្នុងឃុំពងទឹក មាន ÷ ភួយ១ សារុង១ ក្រមា១ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ម៉ាស១ប្រអប់ អាល់កុល១ដបតូច និងថវិកា ១ម៉ឺនរៀល ព្រមទាំងផ្តល់ថវិកាចំនួន ៣០ម៉ឺនរៀល ដើម្បីជួយជួសជុលផ្លូវលំក្នុងភូមិអណ្តូងក្រសាំង ឃុំពងទឹកស្រុករំដួល ៕
ដោយ៖ យឹម សុថាន