ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតជូន លោក ហ្សាក់ ប៉ឺឡេត (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូន លោក ហ្សាក់ ប៉ឺឡេត (Jacques Pellet) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។ 

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងសូមដង្ហែរតាមព្រះមហាក្សត្រ និងចូលរួមជាមួយសម្ដេចតេជោនាយករដ្ឋមន្រ្តី សម្ដែងការអបអរសាទរជូនចំពោះ លោកដែលត្រូវបានរដ្ឋាភិបាលបារាំងតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពប្រចាំនៅកម្ពុជា ។

សម្ដេចបានសម្ដែងក្ដីសង្ឃឹមយ៉ាងមុតមាំថាបេសកកម្មរបស់លោកនៅកម្ពុជានឹងបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាកទំនងរវាងប្រទេសទាំងពីរ កម្ពុជាបារាំង។ នាឱកាសនោះដែរ សម្ដេចក៏បានជម្រាបជូនថា​ ក្រសួងមហាផ្ទៃកម្ពុជាមានកិច្ចការសំខាន់ៗពីរដែលអាចមានការពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាមួយភាគីបារាំង ទីមួយគឺការងារកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ និងទីពីរគឺការងារកំណែទម្រង់នគរបាល។ 

ពាក់ព័ន្ធនឹងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្ដេចក្រឡាហោមបានបន្តថាដោយមានការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តពង្រឹងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ កំណែទម្រង់នេះមានវឌ្ឍនភាពជាបន្តបន្ទាប់ ដោយមានការចូលរួមគាំទ្រយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋ។ 

សម្ដេចមានក្ដីរីករាយពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការជាមួយភាគីបារាំលើការងារកំណែទម្រង់នេះ ពិសេសការផ្លាស់ប្ដូរបទពិសោធន៍ពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាលថ្នាក់ជាតិ និងអាចឈានទៅពិនិត្យលទ្ធភាពលើការងារចងសម្ព័ន្ធមេត្រីភាពរវាងរាជធានីខេត្តប្រទេសទាំងពីរផងដែរ។ 

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការវិស័យនគរបាល ឬវិស័យសន្តិសុខ សម្ដេចបានសម្ដែងនូវក្ដីរីករាយ និងស្នើពិនិត្យលទ្ធភាពរៀបចំនូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ គឺក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធនៃភាគីបារាំងលើការងារកិច្ចសហប្រតិបត្តិការ​សន្តិសុខ រួមទាំងការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ឧក្រិដ្ឋកម្មឆ្លងដែន និងការកសាងសមត្ថភាព។ 

លោកឯកអគ្គរដ្ឋទូតបានចូលរួមសម្ដែងនូវការចូលរួមរំលែកមរណ​ទុក្ខដ៏ក្រៀមក្រំចំពោះសម្ដេចក្រឡាហោម និងក្រុមគ្រួសារ ដែលបានបាត់បង់បងស្រីជាទីគោរពស្រលាញ់របស់សម្ដេចកាលពីពេលថ្មីៗនេះ។ ដូចនឹងសម្ដេចក្រឡាហោមដែរ ឯកឧត្តមបានអះអាងថាឯកឧត្តមក៏មានកិត្តិយសដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាដែរ។ 

លោកក៏បានឯកភាពចំពោះការលើកឡើងរបស់សម្ដេច ដោយជម្រាបជូនសម្ដេចថាវត្តមានរបស់ឯកឧត្តមនៅកម្ពុជាពេលនេះក៏មានគោលបំណងបង្កើនថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ  ក្នុងនោះក៏មានកិច្ចសហប្រតិត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធរបស់ប្រទេសបារាំងផងដែរ។ 

ជាមួយគ្នានេះ លោកក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍកម្ពុជា ពិសេសក្នុងវិស័យសេដ្ឋកិច្ច សង្គម ដែលកត្តានេះឯកឧត្តមបានលើកឡើងថាក៏ជាចំណុចមួយដែលភាគីទាំងពីរត្រូវតែយកចិត្តទុកដាក់បង្កើននិងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខឱ្យកាន់តែសកម្មថែមទៀតដើម្បីរួមចំណែកធានាការអភិវឌ្ឍនោះ។ 

លោកក៏បានជម្រាបជូនសម្ដេចដែរថានៅឆ្នាំ២០២២ខាងមុខនេះ ប្រទេសបារាំងនឹងដើរតួនាទីជាប្រធានសហភាពអឺរ៉ុប ស្របពេលកម្ពុជាក៏ទទួលតួនាទីជាប្រធានអាស៊ាន។ លោកសង្ឃឹមជឿជាក់ថាក្នុងតួនាទីដ៏សំខាន់ៗនេះ ប្រទេសទាំងពីរនឹងប្រឹងប្រែងកាន់តែសកម្មថែមទៀតក្នុងការស្វែងរកឱកាសពង្រឹង ពង្រីកទំានាក់ទំនងទាំងកម្រិតតំបន់ និងរវាងប្រទេសទាំងពីរ។ 

ជាការឆ្លើយតបសម្ដេចក្រឡាហោមបានមានប្រសាសន៍ថាសម្ដេចផ្ទាល់ក៏នឹងទទួលតួនាទីជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនឆ្នាំ២០២២ដែរ ហើយក្នុងនោះក្រៅពីកិច្ចសហប្រតិត្តិការកម្រិតតំបន់ សម្ដេចក៏គាំទ្រឱ្យមាននូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំងទៀតផង។ 

សម្ដេចបានបន្តថាក្នុងនាមជាប្រធានដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន សម្ដេចនឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការតំបន់ ធ្វើយ៉ាងណាបំរើផលប្រយោជន៍រួមរបស់អាស៊ាន រួមទាំងកម្ពុជាដែលជាសមាជិកទទួលកិច្ចការប្រឆាំងការជួញដូរអាវុធ។ 

សម្ដេចក្រឡាហោម បានថ្លែងអំណរគុណជាថ្មីទៀត និងជូនពរ លោកឯកអគ្គរដ្ឋទូតទទួលបានជោគជ័យក្នុងបេសកកម្មការទូតនៅកម្ពុជា ហើយសម្ដេចផ្ទាល់ក៏ត្រៀមជានិច្ចក្នុងការជួបជជែកពិភាក្សាលើបញ្ហាផ្សេងៗដើម្បីបន្តជំរុញ និងលើកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ កម្ពុជា និងបារាំង៕

ដោយ ៖ សិលា


ចែករំលែក៖