ខេត្តសៀមរាប ៖ សេវាប្រមូលសំរាមនៅតាមផ្ទះនឹងត្រូវបានពង្រីកទៅដល់គ្រប់ភូមិទាំងអស់នៅក្នុងស្រុកបន្ទាយស្រីទាំងមូល ចាប់ពីខែមករាឆ្នាំ២០២២នេះតទៅ! នេះជាការបញ្ជាក់ពីលោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី នៅព្រលប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ។
លោកអភិបាលបានបញ្ជាក់ថា, ក្រោយពីបានសិក្សាយ៉ាងម៉ត់ចត់ពីស្ថានភាពជាក់ស្តែងនៅតាមមូលដ្ឋាននៃភូមិនីមួយៗ និងបន្ទាប់ពីភាពជោគជ័យនៃគម្រោងសហគមន៍ស្វ័យគ្រប់គ្រងនៅក្នុងភូមិព្រះដាក់ រដ្ឋបាលស្រុកបានសម្រេចពង្រីកវិសាលភាពនៃការប្រមូលសំរាមនៅតាមខ្នងផ្ទះឱ្យបានទៅដល់គ្រប់ទីកន្លែងទាំងអស់នៅក្នុងស្រុក ដោយរៀបចំជាប្រព័ន្ធចម្រុះ រវាងសេវាពីក្រុមហ៊ុនឯកជនផង និងសេវារបស់សហគមន៍ផង។
ការបោះជំហានថ្មីតាមទម្រង់បែបផ្តល់សេវាកម្មនេះ គឺដើម្បីធានាឱ្យបាននូវភាពស្អាតនៅក្នុងគ្រប់ទីកន្លែងនៅក្នុងស្រុក ស័ក្តិសមជាភូមិដ្ឋានទេសចរណ៍ និងដើម្បីធ្វើឱ្យមាននិរន្តរភាពនៃការងារគ្រប់គ្រងសំរាម និងកាកសំណល់រឹងតាមលក្ខណៈជាប្រព័ន្ធ។ រដ្ឋបាលស្រុករក្សាទុកទម្រង់សហគមន៍ស្វ័យគ្រប់គ្រងនៅក្នុងភូមិព្រះដាក់ដដែល តែតម្រូវឱ្យសហគមន៍ចូលរួមចំណែកវិភាគទានថវិកាតិចតួចដើម្បីឱ្យក្រុមហ៊ុនឯកជនអាចដឹកបន្តយកទៅចាក់នៅទីលានចាក់សំរាម ហើយរដ្ឋបាលស្រុកក៏លើកចិត្ត និងផ្តល់ជម្រើសដល់ភូមិដទៃទៀត ឱ្យមានលទ្ធភាពអាចបង្កើតសេវាតាមបែបសហគមន៍ស្វ័យគ្រប់គ្រងផងដែរ។ កន្លែងរក្សាទុកសំរាមបណ្តោះអាសន្ននៅតាមភូមិ និងកម្មវិធីសម្អាតបរិស្ថានប្រចាំខែនៅគ្រប់ភូមិ ក៏ត្រូវបានរក្សាទុកដដែលដែរ ដរាបណាភាពស្អាតមិនទាន់សម្រេចបានទាំងស្រុងនៅឡើយ។
«បន្ទាយស្រីស្អាត»មិនមែនដោយសារមានអ្នកពូកែរើសសំរាមនោះទេ! តែភាពស្អាតវាចេញពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ ចេញពីទម្លាប់រស់នៅស្អាតរបស់សហគមន៍ និងចេញពីប្រព័ន្ធគ្រប់គ្រងមួយដែលមានប្រសិទ្ធភាព មានភាពសមហេតុផល និងមានការជឿជាក់ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់ នោះទើបភាពស្អាតនេះអាចត្រូវបានថែរក្សាយូរអង្វែង និងមាននិរន្តរភាពទៅបាន។
#ស្រលាញ់បន្ទាយស្រីកុំឱ្យសំរាមធ្លាក់ដល់ដី ៕
ដោយ៖ សិលា