ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានកិច្ចប្រជុំASEM-13 អំពាវនាវឱ្យអឺរ៉ុបជួយអាស៊ីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុបលើកទី១៣ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអាស៊ីនិងអឺរ៉ុបមានសកម្មភាពពហុភាគី និង កិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែទូលាយដើម្បីឆ្លើយ តបនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែល កំពុងលេចធ្លោ និងបន្តរីករាលដាលកាន់តែខ្លាំង។

ក្នុងបទអន្តរគមន៍ក្នុងកិច្ចប្រជុំចង្អៀតស្តីពី «បញ្ហាពាក់ព័ន្ធ នឹង ASEM បញ្ហាតំបន់ និងអន្តរជាតិ» នៅរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សហភាពអឺរ៉ុបកំពុងឈានមុខគេ លើការផ្លាស់ប្ដូរឆ្ពោះទៅរកការសម្រេចបាននូវអព្យាក្រឹត ភាពអាកាសធាតុ ខណៈប្រទេសជាច្រើននៅតំបន់អាស៊ី នៅមិនទាន់អាចធ្វើបាននៅឡើយ។ សម្តេចតេជោ បន្ថែមថា បញ្ហានៃការអភិវឌ្ឍប្រកបដោយចីរភាពនៅ អាស៊ី និងអឺរ៉ុប គប្បីយកចិត្តទុកដាក់លើបញ្ហាពាក់ព័ន្ធនឹង ថាមពលកកើតឡើងវិញ ការអភិរក្សជីវចម្រុះ និងការគ្រប់ គ្រងធនធានទឹកជាដើម។

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា៖ «ដូច្នេះ សំណួរ គប្បីលើកឡើងថា តើអឺរ៉ុបអាចគាំទ្រអាស៊ីនៅក្នុងអន្តរ កាលនៃបញ្ហាអាកាសធាតុនេះដោយរបៀបណាខ្លះ? ប្រាកដណាថា គោលដៅអាកាសធាតុ នៅក្នុងសន្និសីទ នៃអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ លើកទី២៦ បានអំពាវនាវឱ្យមានការផ្តល់ហិរញ្ញប្បទាន យ៉ាងពិតប្រាកដដើម្បីសម្រេចបានលទ្ធផលរំពឹងទុក ខាងលើនេះ» ។

ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ASEM-13 ឆ្លុះ បញ្ចាំងឱ្យឃើញពីការប្ដេជ្ញាចិត្តខ្ពស់បំផុតរបស់កម្ពុជាក្នុង ការជំរុញពហុភាគីនិយម ក៏ដូចជាការចូលរួមយ៉ាងសកម្ម តាមតែអាចធ្វើទៅបានរបស់ខ្លួននៅក្នុងសហគមន៍ អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលនា ពេលបច្ចុប្បន្ននិងកំពុងលេចឡើងថ្មីៗនេះ។

បើតាមក្រសួងការបរទេសក្រោយកិច្ចប្រជុំនេះ ASEM 13 ក៏នឹងអនុម័តឯកសារលទ្ធផលសំខាន់ចំនួន៣ដែលរួម មាន សេចក្តីថ្លែងការណ៍ប្រធានអង្គប្រជុំ សេចក្ដីថ្លែង ការណ៍ទីក្រុងភ្នំពេញស្តីពីការស្ដារសង្គម-សេដ្ឋកិច្ចឡើង វិញក្រោយការរាតត្បាតនៃជំងឺកូវីដ-១៩ និងឯកសារ សកម្មភាពអនាគតស្ដីពីការតភ្ជាប់រវាងអាស៊ី-អឺរ៉ុប ផងដែរ៕

ដោយ៖ សិលា


ចែករំលែក៖