ភ្នំពេញ ៖ លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ គឺជោគជ័យ នៃសមិទ្ធផលដ៏សំខាន់ថ្មីមួយរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ។ នេះជាការថ្លែងរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ។
នាវេលាម៉ោង៨និង០០នាទីយប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានមានប្រសាសន៍ថា, ភាពជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ គឺជាសមិទ្ធផលដ៏សំខាន់ថ្មីមួយរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ព្រមទាំងបានសបញ្ជាក់យ៉ាងច្បាស់ពីការចូលរួមចំណែកយ៉ាងសកម្មរបស់យើងចំពោះកិច្ចខិតខំប្រឹងប្រែងរួមរវាងទ្វីបអាស៊ី និងអឺរ៉ុប ក្នុងការពង្រឹងពហុភាគីនិយមដើម្បីសម្រេចបាននូវកំណើនរួម ការអភិវឌ្ឍប្រកបដោយចីរភាព សន្តិភាព និងស្ថិរភាព។
កម្ពុជាបន្តផ្តល់សារៈសំខាន់ខ្ពស់ដល់ដំណើរការ ASEM ហើយប្តេជ្ញាសម្រេចឱ្យបាននូវគោលបំណងស្នូលនៃឯកសារលទ្ធផលទាំងបីដែលបានអនុម័តដោយថ្នាក់ដឹកនាំ ASEM។ កម្ពុជាក៏មានមោទនភាពដែលបានឃើញពីលទ្ធផលប្រកបដោយផ្លែផ្កានៃព្រឹត្តិការណ៍ និងសកម្មភាពអមរបស់ ASEM13។
សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានកិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុបលើកទី១៣ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអាស៊ីនិងអឺរ៉ុបមានសកម្មភាពពហុភាគី និង កិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែទូលាយដើម្បីឆ្លើយ តបនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែល កំពុងលេចធ្លោ និងបន្តរីករាលដាលកាន់តែខ្លាំង។ក្នុងបទអន្តរគមន៍ក្នុងកិច្ចប្រជុំចង្អៀតស្តីពី «បញ្ហាពាក់ព័ន្ធ នឹង ASEM បញ្ហាតំបន់ និងអន្តរជាតិ» នៅរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សហភាពអឺរ៉ុបកំពុងឈានមុខគេ លើការផ្លាស់ប្ដូរឆ្ពោះទៅរកការសម្រេចបាននូវអព្យាក្រឹត ភាពអាកាសធាតុ ខណៈប្រទេសជាច្រើននៅតំបន់អាស៊ី នៅមិនទាន់អាចធ្វើបាននៅឡើយ។ សម្តេចតេជោ បន្ថែមថា បញ្ហានៃការអភិវឌ្ឍប្រកបដោយចីរភាពនៅ អាស៊ី និងអឺរ៉ុប គប្បីយកចិត្តទុកដាក់លើបញ្ហាពាក់ព័ន្ធនឹង ថាមពលកកើតឡើងវិញ ការអភិរក្សជីវចម្រុះ និងការគ្រប់ គ្រងធនធានទឹកជាដើម៕
ដោយ៖ សិលា