ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

កម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ក្រោមមូលបទ «ការ ពង្រឹងពហុភាគីនិយមដើម្បីកំណើនរួម» នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានអញ្ជើញធ្វើជាប្រធានដឹកនាំកិច្ចប្រជុំកំពូលនេះ ដោយមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ/ រដ្ឋាភិបាល ឬតំណាងជាន់ខ្ពស់នៃបណ្តាប្រទេសដៃគូ ASEM ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានគណៈ កម្មការអឺរ៉ុប និងអគ្គលេខាធិការអាស៊ាន។

នៅក្នុងកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) បានក្លាយជាវេទិកាដ៏មានសារសំខាន់មួយ ក្នុង ការភ្ជាប់ទំនាក់ទំនងអាស៊ី និងអឺរ៉ុប ព្រមទាំងលើកកម្ពស់ភាពជាដៃគូរវាងទ្វីបទាំងពីរ។ សម្រាប់ ដំណើរឆ្ពោះទៅអនាគតនាពេល២៥ឆ្នាំខាងមុខទៀត សម្តេច បានសង្កត់ធ្ងន់ថា ដៃគូ ASEM ចាំបាច់ ត្រូវពង្រឹងការប្តេជ្ញាចិត្តទ្វេដងដើម្បីឈានទៅសម្រេចបានពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព ការស្តារឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩ ប្រកបដោយបរិយាប័ន្ននិងភាពធន់ និងធ្វើឱ្យ ASEM កាន់តែមានភាពលេចធ្លោ និងរឹងមាំនៅក្នុងអភិបាលកិច្ចសកល។

ដើម្បីសម្រេចបានគោលបំណងខាងលើនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យ ពង្រឹងកាន់តែស៊ីជម្រៅនូវការតភ្ជាប់អន្តរតំបន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនិងកំណើនរួមគ្ន ការលើកកម្ពស់ភាពជាដៃគូអន្តរតំបន់សម្រាប់អភិបាលកិច្ចសកល ប្រព័ន្ធពហុភាគីផ្អែកលើវិធាន ច្បាប់កាន់តែមានប្រសិទ្ធភាព តម្រូវការទាញផលប្រយោជន៍បន្ថែមទៀតពីនវានុវត្តន៍ ការតភ្ជាប់ ឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម ៤០ ការលើកកម្ពស់ភាពលេចធ្លោនិងភាពពាក់ព័ន្ធ ASEM និង កិច្ចខិតខំប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហាពហុវិស័យនានា ជាអាទិ៍ បម្រែបម្រួលអាកាសធាតុមភាព ក្រីក្រ ការលើកកម្ពស់សិទ្ធិអំណាចស្ត្រី និងបញ្ហាប្រឈមឆ្លងដែនផ្សេងៗទៀត។

ថ្នាក់ដឹកនាំ ASEM បានស្តាប់ និងកត់សម្គាល់អនុសាសន៍នានា តាមរយៈការថ្លែងរបាយការណ៍ លទ្ធផលនៃព្រឹត្តិការណ៍អមចំនួន០៥ ដូចជា កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ កិច្ច ប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងមូលនិធិអាស៊ី-អឺរ៉ុបលើកទី៤ វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុប វេទិកាអាស៊ី-អឺរ៉ុប ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ និងវេទិកាប្រជាជនអាស៊ី-អឺរ៉ុប។ ថ្នាក់ដឹកនាំបាន កោតសរសើរកម្ពុជា ដែលបានរៀបចំមហោស្រពវប្បធម៌ ASEM ដើម្បីបង្ហាញពីភាពដ៏សម្បូរបែបនៃ គំនិតច្នៃប្រឌិតសិល្បៈ និងភាពចម្រុះសិល្បៈ នៅអាស៊ីនិងអឺរ៉ុប ព្រមទាំងផ្តួចផ្តើមឱ្យមានវេទិកា ស្ដីពី ស្ត្រី សន្តិភាព និងសន្តិសុខ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃនេះ ថ្នាក់ដឹកនាំ ASEM បានផ្លាស់ប្តូរទស្សនៈ ត្រង់ទៅត្រង់មក ឥតលាក់លៀមទៅលើបញ្ហាជាច្រើនដែលជាក្ដីបារម្ភនិងផលប្រយោជន៍រួម ដោយ បានកត់សម្គាល់ចំណុចសំខាន់ៗដូចតទៅ៖

បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឆ្ពោះទៅកសាងសហគមន៍ ASEM មួយប្រកបដោយភាព សុខដុមរមនា មានភាពប្រកួតប្រជែង ភាពធន់ និងចីរភាព ដើម្បីប្រជាជនអាស៊ី និងអឺរ៉ុប ដោយឈរលើគោលការណ៍ស្នូលរបស់ ASEM គឺភាពមិនផ្លូវការ និងបត់បែន ស្របតាម ស្មារតីនៃកុងសុងស៊ីស និងភាពជាដៃគូស្មើភាព។

គូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ប្រព័ន្ធអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងអង្គការ តំបន់ផ្សេងទៀត ក្នុងការរក្សាសន្តិភាព និងសន្តិសុខសកល ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ព្រមទាំងប្រកាន់ខ្ជាប់នូវសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។

រំលឹកឡើងវិញពីសារសំខាន់នៃវិធានការកសាងទំនុកចិត្ត និងការបង្ការទំនាស់តាមបែប ការទូត ក៏ដូចជាគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការយល់ពីគ្នាទៅវិញទៅមក ផលប្រយោជន៍ទៅវិញទៅមក និងការលះបង់ចោលនូវការប្រើកម្លាំង និងការគំរាម កំហែងប្រើប្រាស់កម្លាំងនៅក្នុងទំនាក់ទំនងអន្តរជាតិ។

ប្តេជ្ញាចិត្តធ្វើការរួមគ្នាដើម្បីសន្តិភាព និងសន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាព និង កំណើនប្រកបដោយបរិយាប័ន្ន ដោយផ្អែកលើការគោរពច្បាប់អន្តរជាតិ ក្នុងនោះរួមទាំងការ លើកកម្ពស់ និងការការពារសិទ្ធិមនុស្ស អនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និង សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។

ប្តេជ្ញាចិត្តអនុវត្តរបៀបវារៈឆ្នាំ២០៣០ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព និងរបៀបវារៈ សកម្មភាព Addis Ababa ដើម្បីលុបបំបាត់ភាពក្រីក្រ បញ្ចប់ភាពអត់ឃ្លាន កាត់បន្ថយវិសមភាព និងកសាងអនាគតមួយប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព សំដៅធានាឱ្យបានថា មិនមាន នរណាម្នាក់ត្រូវបានទុកចោលឡើយ។

សូមអាននូវខ្លឹមសារនៃលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ទាំងស្រុង ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖