ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងរថយន្តម៉ាកព្រូសទៅបុកគូទរថយន្តហ្វដ រ៉េនជើរ ដែលអ្នកបើកបរជាលោកអភិបាលស្រុករំដួល ហើយរំពេចនោះក៏មានម៉ូតូមួយគ្រឿងទៀតបើកយ៉ាងលឿនបុកបន្ថែមពីក្រោយយ៉ាងពេញទំហឹងលាន់សូរដូចរន្ទះទៀតបណ្តាលឱ្យរងរបួសធ្ងន់ស្រាល៣នាក់នៅផ្លូវបំបែកជាបួន ផ្អើលដល់អ្នកភូមិទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្លូវបំបែកជាបួន នៃកំណាត់ផ្លូវលេខ១០៧ និងផ្លូវលេខ២០៨ ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថា អ្នកបើកបររថយន្តម៉ាកព្រូសដែលរងរបួសធ្ងន់ឈ្មោះមាស ខេមរា អាយុ៣៣ឆ្នាំ មានទីលំនៅភូមិរាមសេនា ឃុំដូង ស្រុករមាសហែក ។
ចំណែកអ្នកជិះម៉ូតូដែលរងរបួសធ្ងន់មានឈ្មោះ ភាព មុខរបរលក់ដូរ រស់នៅភូមិក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ។
ចំណែកអ្នកបើកបររថយន្តម៉ាកFord RANGER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២BH-៩១៩២ត្រូវបានគេស្គាល់ឈ្មោះលោក សុខា រ៉ាម ជាអភិបាលស្រុករំដួល បានរងរបួសស្រាល ត្រូវបានអ្នកជិតខាងដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។
អ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាកហ្វដរ៉េនជើរ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-9192 បើកបរពីទិសខាងលិចទៅទិសខាងកើត។ លុះបើកមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្ត១គ្រឿងទៀតម៉ាកតូយ៉ូតា ព្រូស ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 2A-5559 បើកបរពីទិសខាងជើងទៅទិសខាងត្បូងយ៉ាងលឿន ក៏ទៅបុកជាមួយរថយន្តហ្វដពេញទំហឹងលាន់ដូចរន្ទះ (ចំទ្វាររថយន្តហ្វដខាងមុខ) ហើយខណៈនោះក៏មានបុរសម្នាក់បើកម៉ូតូ១គ្រឿងម៉ាកយ៉ាម៉ាហា សាលួត (ផលិតនៅប្រទេសវៀតណាម) បើកមកពីទិសខាងលិចទៅកើតក្នុងល្បឿនលឿនមកបុកចំទទឹងរថយន្តព្រូស ពេញទំហឹង បណ្តាលឲ្យដាច់ម៉ូតូជាពីរ ហើយអ្នកបើកម៉ូតូបោកខ្ទប់ទៅនឹងរថយន្ត រងរបួសក្បាល និងបាក់ដៃខាងឆ្វេងសន្លប់ស្តូកស្តឹង។
ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់ និងហៅរថយន្តសាមុយមកដឹកអ្នករងរបួសទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀង ដើម្បីសង្គ្រោះជីវិតផងដែរ៕
ដោយ៖យឹម សុថាន