ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការចម្រុះបន្តចុះពិនិត្យទីតាំងរណ្ដៅដីមួយកន្លែងដែលកំពុងអនុវត្តន៍ផ្ទុយពីអាជ្ញាប័ណ្ណ

ចែករំលែក៖

ខេត្តកណ្ដាល៖ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការចម្រុះដើម្បីគ្រប់គ្រងការធ្វើអាជីវកម្មខ្សាច់ រណ្ដៅដី ថ្ម ក្រួស បានដឹកនាំកម្លាំងចម្រុះមន្ទីរពាក់ព័ន្ធ រួមទាំងអាជ្ញាធរស្រុក ចុះពិនិត្យមើលទីតាំងរណ្ដៅដីមួយកន្លែងដែលកំពុងអនុវត្តន៍ផ្ទុយពីអាជ្ញាប័ណ្ណ និងតម្រូវឱ្យស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលទទួលរងការខូចខាតពីរណ្ដៅដីមួយនេះ។

   ក្នុងឱកាសចុះពិនិត្យមើលទីតាំងរណ្ដៅដីក្នុងភូមិសាស្រ្តឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ណុប ដារ៉ា បានណែនាំដល់ម្ចាស់អាជីវកម្មថា ពាក់ព័ន្ធនឹងហេដ្ឋា រចនាសម្ព័ន្ធដែលមានផ្លូវ និងប្រឡាយទឹកដែលរងការប៉ះពាល់ពីរណ្ដៅមួយនេះតម្រូវឱ្យម្ចាស់អាជីវកម្មត្រូវបង្ខិតព្រំដីមកវិញនិងចាក់ដីធ្វើជើងទេរដើម្បីពង្រីកផ្លូវប្រឡាយមកឱ្យបាន១០ម៉ែត្រ ព្រោះនេះជាសុវត្ថិភាពប្រជាពលរដ្ឋធ្វើដំណើរទៅមក ជាពិសេសពេលយប់ព្រលប់។

   លោកអភិបាលរងខេត្តបានបន្តថា ការធ្វើការស្តារប្រឡាយទំនប់នេះឡើងវិញគឺ ដើម្បីឱ្យមានផ្លូវទឹកចរាចរណ៍ ជាពិសេសមិនត្រូវបូមទឹករ៉ែទាំងនេះបង្ហូរចូលក្នុងស្រែរបស់ប្រជាពលរដ្ឋឡើយ ព្រោះទឹករ៉ែទាំងនេះមិនដឹងថាមានសារជាតិអ្វីខ្លះនោះទេដែលធ្វើឱ្យប៉ះពាល់ដល់ស្រែរបស់ពួកគាត់។ ម្ចាស់អាជីវកម្មត្រូវគោរពទៅតាមអាជ្ញាប័ណ្ណដែលមន្ទីរក៏ដូចជាខេត្តបានផ្ដល់ជូន ម្ចាស់អាជីវកម្មត្រូវធ្វើអាជីវកម្មឱ្យត្រូវនឹងទីតាំងដែលខ្លួនបានស្នើសុំ រណ្ដៅត្រូវមានជើងទេរឱ្យបានត្រឹមត្រូវ មុនធ្វើការដឹកចេញត្រូវពិនិត្យប្រព័ន្ធការគ្រប់គ្រង (ជញ្ជីង) វិក្កយប័ត្រត្រូវមានការបោះត្រាឱ្យបានត្រឹមត្រូវពីមន្ទីរ។ រាល់ការដឹកជញ្ជូនខ្សាច់ អាចម៍ដី ម្ចាស់អាជីវកម្មត្រូវណែនាំដល់អ្នកដឹកត្រូវលាងសម្អាតកង់ឡានឱ្យបានស្អាត។ពេលចេញពីដេប៉ូត្រូវគ្របឱ្យបានជិតល្អ កុំដឹកលើសទម្ងន់ បើកបរដោយក្រមសីលធម៌ ត្រូវលាងសម្អាតផ្លូវដែលប្រឡាក់ឱ្យបានស្អាត។ ក្នុងករណីម្ចាស់អាជីកម្មណាដែលនៅតែប្រព្រឹត្តល្មើសច្បាប់ ធ្វើឱ្យផ្លូវខូចត្រូវទទួលខុសត្រូវជួសជុលផ្លូវឱ្យបានស្អាតឡើងវិញ ឬរងការផាកពិន័យ ឬបិទអាជីវកម្មតែម្ដង។

      លោកក៏បានជំរុញដល់មន្ទីរពាក់ព័ន្ធនិងកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តចាត់វិធានការឱ្យបានម៉ឺងម៉ាត់ដល់ម្ចាស់អាជីវកម្ម ដោយឱ្យអនុវត្តតាមកិច្ចសន្យា និងច្បាប់ពាក់ព័ន្ធនានា។ រាល់ការដឹកខ្សាច់ ដឹកដី ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដឹកកុំឱ្យហុយ និងជ្រុះខ្សាច់មកលើផ្លូវ ដែលបានធ្វើឱ្យប៉ះពាល់ដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ ត្រូវរួមសហការគ្នាចុះពិនិត្យដល់ទីតាំងអាជីវកម្មណ្ដៅដី ដើម្បីដឹងថាតើម្ចាស់អាជីវកម្មទាំងនោះ មានច្បាប់ និងអាជ្ញាប័ណ្ណត្រឹមត្រូវហើយឬនៅ បើម្ចាស់អាជីវកម្មណាមួយមិនសហការ គ្មានអាជ្ញាប័ណ្ណ ឬអាជ្ញាប័ណ្ណហួសសុពលភាព ត្រូវអនុវត្តតាមច្បាប់ដោយគ្មានការយោគយល់ឡើយ៕

                                    

ដោយ ៖ សិលា


ចែករំលែក៖