ភ្នំពេញ ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា, ករណីខាងលេីនេះ តំណាងអយ្យការបានបេីកការស៊េីបសួរ ពីបទ បេីកបរយានយន្តមិនព្រមបញ្ឈប់យានយន្តតាមបញ្ជារបស់មន្រ្តីនគរចរាចរណ៍ផ្លូវគោក បទ រារាំង ឬប្រេីប្រាស់មធ្យោបាយណាមួយដេីម្បីជាឧបសគ្គដល់ចរាចរសាធារណៈ បទ ហិង្សាដោយចេតនា បទប្រមាថ និងបទប្រឆាំងនឹងអ្នករាជការសាធារណៈ តាមមាត្រា ៧៦ និងមាត្រា ៨០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ២១៧ មាត្រា ៥០២ និងមាត្រា ៥០៣ នៃក្រមព្រហ្មទណ្ឌ ។
សូមបញ្ជាក់ថា, សមត្ថកិច្ចបានបញ្ជូនខ្លួនយុវជន ជាជើងខ្លាំង ជេរប្រមាថសមត្ថកិច្ច ទៅតុលាការហើយ កាលពីម៉ោង៤រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមុិញ !
សូមរម្លឹកថា, យុវជនជាសន្តិសុខ បានប្រព្រឹត្ត ជេរ ប្រមាថ សមត្ថកិច្ច កាលពីម្សិលមុិញនោះ ត្រូវបានសមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌ បញ្ជូនខ្លួនទៅតុលាការហើយ ដើម្បីប្រគល់់ជូនតំណាងអយ្យការបន្តនីតិវិធី ។ នេះបើតាមការបញ្ជាក់អោយដឹងពី ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបញ្ជាក់ថា, ជនបង្ក ឈ្មោះ យឹង វណ្ណដា ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ ជាសន្តិសុខឯកជន ដែលបានធ្វើសកម្មភាពជេរប្រមាថមេីលងាយ និង ដេញវាយសមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ កសាងសំណុំរឿង និងបញ្ជូនទៅតុលាការ នៅវេលាម៉ោង ១៦:០០នាទី រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធីបន្ត ។ ទើបនៅរសៀលថ្ងៃនេះ តំណាងបានបេីកការស៊េីបសួរ ពីបទ បេីកបរយានយន្តមិនព្រមបញ្ឈប់យានយន្តតាមបញ្ជារបស់មន្រ្តីនគរចរាចរណ៍ផ្លូវគោក បទ រារាំង ឬប្រេីប្រាស់មធ្យោបាយណាមួយដេីម្បីជាឧបសគ្គដល់ចរាចរសាធារណៈ បទ ហិង្សាដោយចេតនា បទប្រមាថ និងបទប្រឆាំងនឹងអ្នករាជការសាធារណៈ តាមមាត្រា ៧៦ និងមាត្រា ៨០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ២១៧ មាត្រា ៥០២ និងមាត្រា ៥០៣ នៃក្រមព្រហ្មទណ្ឌ ៕
ដោយ ៖ សិលា