ប៉ូលិសតំបន់ Leicestershire បាននិយាយថា បុរស៥នាក់ត្រូវបានចោទប្រកាន់បន្ទាប់ពីមានភាពមិនប្រក្រតីអំឡុងពេលក្រុម Leicester City ឈ្នះ ៣-១ លើក្រុម Legia Warsaw ក្នុងការប្រកួតក្របខ័ណ្ឌ Europa League កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។
ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងការប្រកួតតង់ទី២នៃការប្រកួតនៅកីឡដ្ឋាន King Power បន្ទាប់ពីអ្នកគាំទ្រក្រុម Legia បានប៉ះទង្គិចជាមួយប៉ូលិស។ ប៉ូលិសបាននិយាយថា ក្នុងពេលកើតហេតុ មន្ត្រី១៤នាក់ត្រូវបានគេវាយ និងរងរបួស ដោយ២នាក់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិស បុរសទាំង៥នាក់ត្រូវបានចោទប្រកាន់ពីបទល្មើសសណ្តាប់ធ្នាប់សាធារណៈ ដោយក្នុងនោះ២នាក់ក៏ត្រូវបានចោទប្រកាន់ពីបទ កាន់កាប់គ្រឿងញៀនប្រភេទB, ការវាយដំចំនួនម្នាក់ និង២ករណីនៃការរំលោភបំពានលើបុគ្គលិកសង្គ្រោះបន្ទាន់។
ប៉ូលិសបានបន្តថា បុរសទាំង៥នាក់នឹងត្រូវបង្ហាញខ្លួននៅតុលាការ Loughborough Magistrates នៅថ្ងៃទី១០ ខែធ្នូខាងមុខនេះ។
សេចក្តីថ្លែងការណ៍បន្តថា បុរសអាយុ៣០ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួនដោយសង្ស័យមានអំពើហិង្សា និងបុរសអាយុ២៤ឆ្នាំត្រូវបានចាប់ខ្លួនពីបទសង្ស័យវាយកម្មករសង្គ្រោះបន្ទាន់ និងមានថ្នាំញៀនប្រភេទ B ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នរង់ចាំការសាកសួរបន្ថែម។
ក្នុងករណីនេះស្ថាប័នបាល់ទាត់អឺរ៉ុប មិនទាន់មានការចេញសេចក្តីថ្លែងការណ៍ណាមួយនៅឡើយទេរហូតដល់ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters)