ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនខុសច្បាប់

ចែករំលែក៖

ខេត្តកណ្តាល ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកពញាឮធ្វើការឃាត់ខ្លួនជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរគ្រឿងញៀន។

ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃអាទិត្យ ៩រោច ខែកត្ដឹក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង  ១១ និង ៥០ នាទី ស្ថិតត្រង់ចំណុច ផ្លូវបេតុង ភូមិទួលងោក  ឃុំកំពង់លួង ស្រុកពញាឮ ខេត្ត កណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនខាងលើមាន ៖

     ១- ឈ្មោះ  យ៉ើ សាឡេះ ភេទប្រុស  អាយុ ៣១ ឆ្នាំ  ជនជាតិខ្មែរអ៊ិស្លាម មុខរបរ មិនពិត  មានទីលំនៅបច្ចុប្បន្ន ភូមិទួលងោក ឃុំកំពង់លួង ស្រុក ពញាឮ ខេត្តកណ្តាល ។

  ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល រយៈពេល ២ ឆ្នាំ ៦ ខែ ក្នុងអំឡុងឆ្នាំ ២០១៧ – ២០២០ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ។

    ២- ឈ្មោះ សឿ សង្ហា ( ហៅ សីហា ) ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅបច្ចុប្បន្នភូមិ ព្រែកក្តាម២ ឃុំ កោះចិន ស្រុកពញាឮ ខេត្ត កណ្តាល ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថាជនសង្ស័យឈ្មោះសឿ សង្ហា មានដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តកណ្តាល លេខ៦៦០/១៧ ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ ចេញដោយលោក ផូង វណ្ណ ចៅក្រមស៉ើបសួរ សាលាដំបូងខេត្តកណ្តាល ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កើតហេតុកាលពីថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០១៧ ចំណុចភូមិជ្រោយឬស្សី ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។

  ធ្លាប់ ជាប់ពន្ធនាគារខេត្តកណ្តាល រយៈពេល ២ឆ្នាំ ៦ខែ ក្នុងអំឡុងឆ្នាំ ២០១៨ – ២០២១ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ។

    សមត្ថកិច្ចបានបន្តទៀតថាក្រោយឃាត់ខ្លួនចាប់យកវត្ថុតាងបានសារធាតុញៀនមេតំហ្វេតាមីន (ice) ចំនួន ២កញ្ចប់តូច ទម្ងន់ ០,៣០ក្រាម ម៉ូតូ ១គ្រឿង ម៉ាក Nex ពណ៌ស លាយ ខៀវ ស្លាកលេខ កំពត 1Q -1046 ។

    បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

ដោយ៖ ស សម


ចែករំលែក៖