ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់មានអាការៈក្តៅ រងាញ័រហើយបានស្លាប់បន្ទាប់ពីអស់សឺរ៉ូមដោយគ្រូពេទ្យអះអាងថាគាំងបេះដូង

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់បន្ទាប់មានអាការៈក្តៅ រងាញ័រក្រោយពីទិញថ្នាំលេបនិងដាក់សឺរ៉ូមនៅផ្ទះគ្រូពេទ្យឯកជនមួយកន្លែង ដោយសមត្ថកិច្ចនិងគ្រូពេទ្យមណ្ឌលសុខភាពបុស្សមនអះអាងថាស្លាប់ដោយសារគាំងបេះដូង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២១ស្ថិតនៅភូមិថ្មី ឃុំបុស្សមន ស្រុករំដួល។

យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ មុំ សារឿន  អាយុ៣៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិថ្មី ឃុំបុស្សមន ស្រុករំដួល។

ចំណែកគ្រូពេទ្យឯកជនដែលព្យាបាលជនរងគ្រោះរហូតដល់ស្លាប់នោះមានឈ្មោះឈ្មោះកែវ ផល្លា ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំបុស្សមន ស្រុករំដួល ក្រោយដឹងថាឈ្មោះ មុំ សារឿន បានស្លាប់ហើយក៏បានរត់គេចខ្លួនបាត់ភ្លាមៗផងដែរ។

ប្រភពបន្តថា កាលពីវេលាម៉ោង១២និង២០នាទីឈានចូល

នៅថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២១ សមត្ថកិច្ចនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលបុស្សមនបានទទួលព័ត៌មានពីឪពុកនិងគ្រួសារសពតាមរយ:ទួរស័ព្ទថា កាលពីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២១ វេលាម៉ោង៤និង៣០នាទីរសៀលកូនប្រុសរងគ្រោះបានទៅពិនិត្យទិញថ្នាំលេបនិងដាក់សឺរ៉ូមនៅផ្ទះពេទ្យឯកជនឈ្មោះកែវ ផល្លា ហើយក៏បានត្រឡប់មកផ្ទះវិញ។

ប្រភពបន្តថា រហូតដល់ម៉ោង៧និង៣០នាទីយប់សឺរ៉ូមដែលកូនប្រុសបានព្យួរនោះបានអស់។បន្ទាប់មកអ្នកជំងឺក៏មានអាការៈក្តៅ រងា ញ័រ ស្រាប់តែនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃខែដដែលបានដាច់ខ្យល់ស្លាប់បង្កការភ្ញាក់ផ្អើលដល់គាត់ជាឪពុកនិងក្រុមគ្រួសារតែម្តង។

ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្រ្តបានសហការជាមួយមណ្ឌលសុខភាពបុស្សមននិងអាជ្ញាធរឃុំចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យសាកសព ហើយគ្រូពេទ្យបានសន្និដ្ឋានថាការស្លាប់នេះដោយសារគាំងបេះដូង  ។

ក្រោយមកសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ឱ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី។

ចំណែកជនសង្ស័យជាគ្រូពេទ្យឯកជនបានរត់គេចខ្លួនបាត់ ប៉ុន្តែសមត្ថកិច្ចកំពុងស្វែងរកឃាត់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖