កូវីដ-១៩ បំបែ្លងថ្មី Omicron បានឆ្លងរាលដាលដល់តំបន់ជាច្រើនជុំវិញពិភពលោក ហើយប្រទេសព័រទុយហ្គាល់ គឺជាប្រទេសដែលទើបតែរកឃើញវីរុសបំប្លែងថ្មីលើកដំបូងនៅថ្ងៃទី២៩ ខែវិច្ឆិកា។
តាមសារព័ត៌មានCNN អ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសព័រទុយហ្គាល់ប្រភេទវីរុសបំប្លែងថ្មី Omicron គឺជាកីឡាករបាល់ទាត់មកពីក្លឹប SAD Belenenses ស្ថិតនៅទីក្រុងLisbon ។ មន្ត្រីសុខាភិបាលប្រទេសព័រទុយហ្គាល់បានលើកឡើងថា មានកីឡាកររបស់ក្លិប SAD Belenenses ទើបតែមកពីអាហ្វ្រិកខាងត្បូង។
ក្រៅពីកីឡាករ ក៏មានករណីឆ្លងកូវីដ-១៩ បំប្លែងថ្មី Omicron គឺជាអ្នកដំណើរតាមជើងហោះហើរមកពីប្រទេស Mozambique។
ក្នុងថ្ងៃជាមួយគ្នានេះដែរ ប្រទេសស្កុតឡែន ក៏បានប្រកាសថាបានរកឃើញករណីវិជ្ជមានកូវីដ-១៩ បំប្លែងថ្មី Omicronចំនួន៦នាក់ជាលើកដំបូង ។ កាលពីថ្ងៃទី ២៨ខែវិច្ឆិកា ប្រទេសអង់គ្លេស អៀរឡង់ខាងជើង ក៏បានប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ បំប្លែងថ្មីជាលើកដំបូងផងដែរ។
កន្លងមកអង្គការសុខភាពពិភពលោកក៏បានព្រមានថា វីរុសបំប្លែងថ្មីOmicron អាចនឹងឆ្លងរាលដាលនៅជុំវិញពិភពលោកយ៉ាងឆាប់រហ័ស ដែលជារឿងមួយគួរឲ្យបារម្ភ ។ ជាមួយគ្នានេះអង្គការសុខភាពពិភពលោកក៏បានអំពាវនាវដល់បណ្តាប្រទេសបង្កើនការចាក់វ៉ាក់សាំងជូនពលរដ្ឋ ក៏ដូចជាបង្កើនវិធានការការពារ ទប់ស្កាត់ឱ្យបានល្អបំផុត៕ ដោយ៖ធីរីណា
រូបថត៖AFP
រូបថត៖TTXVN.VNA