ព័ត៌មានទាន់ហេតុការណ៍៖

«សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យ ២២មុឺនដុល្លារអាមេរិក ជូនមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម»

ចែករំលែក៖

ភ្នំពេញ ៖ ស្ថិតក្នុងព្រះ​រាជ​ហឫទ័យ​ខ្វាយខ្វល់​ និងទុក​ដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​របស់​ប្រជានុរាស្រ្តជាកូន​ចៅ​ ចៅទួត​ ព្រមទាំង​ព្រះរាជតម្រិៈគោរព​ដង្ហែ​តាម​ព្រះរាជ​លំអាន​ដ៏​ឧត្តុង្គ​ឧត្តម​ នៃ​ព្រះ​ករុណា​ ព្រះ​វររាជបិតាសុខាភិបាលជាតិ ព្រះ​បរមរតនកោដ្ឋ​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃប្រវត្តិសាស្រ្តកម្ពុជា ដែលអង្គសម្តេចព្រះវររាជបិតាសុខាភិបាលជាតិ ស្តេចបានដឹកនាំកសាងអភិវឌ្ឍជាតិខ្មែរ រីកចម្រើនជឿនលឿន​​លើគ្រប់វិស័យ ជាពិសេសវិស័យសុខាភិបាលជាតិ ដែលបានបម្រើឲ្យការរស់នៅរបស់ប្រជានុរាស្រ្តមានភាពល្អប្រសើរខ្ពង់ខ្ពស់ឧត្តុង្គឧត្តម នាវេលា​ព្រព្រឹកសប្តាហ៍មុន  ខែ​វិចិ្ឆកា ឆ្នាំ​២០២១​ សម្តេច​ព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​ ក្នុង​សេរីភាព​ សេចក្ដី​ថ្លៃថ្នូរ​ និង​សុភមង្គល​ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ព្រះអង្គ​ស្តេច​សព្វ​ព្រះរាជ​ហឫទ័យ​ប្រោស​ព្រះ​រាជទាន​ព្រះរាជទ្រព្យផ្ទាល់ដ៏ឧត្តុង្គឧត្តមចំនួន ២២០.០០០ ដុល្លារអាមេរិក (ម្ភៃពីរមុឺនដុល្លារអាមេរិក) ជូនដល់ មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម ដើម្បីបញ្ចារទិញសម្ភារៈបរិក្ខារពេទ្យដូចជា ម៉ាស៊ីនថតសួត (X-Ray) រថយន្តគិលានសង្រ្គោះ និងម៉ាស៊ីនអេកូ ដើម្បីបម្រើសេវាព្យាបាល និងថែទាំអ្នកជំងឺប្រកបដោយប្រសិទ្ធភាព គុណភាព សមធម៌ និងមានចីរភាពដល់ប្រជាជនក្រីក្រ និងខ្វះខាតក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា, «ព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះរាជទានព្រះរាជទ្រព្យជូនមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម» នាវេលាព្រឹក​ថ្ងៃទី​០៥ ខែវិចិ្ឆកា ឆ្នាំ២០២១ កន្លងទៅ ក៏ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមព្រះរាជតម្រិៈដង្ហែតាមព្រះរាជគំរូវីរភាពដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះវររាជបិតាសុខាភិបាលជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងក្នុងព្រះរាជហឫទ័យទុកដាក់ជានិច្ចអំពីសុខមាលភាពនៃការរស់នៅរបស់កូនចៅប្រជានុរាស្រ្ត ព្រះអង្គទាំងទ្វេសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាមនូវព្រះរាជអំណោយជាព្រះរាជទ្រព្យដ៏ថ្លៃថ្លាចំនួន ១,៥០០០ ដុល្លារអាមេរិក (ព្រះករុណា ព្រះមហាក្សត្រ ចំនួន ៥,០០០ដុល្លារ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ចំនួន ១០,០០០ដុល្លារ) ជាព្រះរាជូបត្ថម្ភថ្មីដ៏ឧត្តុង្គឧត្តមជូនដល់ មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឈឹម ដើម្បីជាកិច្ចគាំទ្រសកម្មភាពមន្ទីរពេទ្យក្នុងការពិនិត្យព្យាបាលជូនដល់ប្រជានុរាស្រ្តក្រីក្រលំបាក៕

ដោយ៖សុខ ខេមរា


ចែករំលែក៖