ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងល្អ ! ខណៈរដ្ឋបាលរាជធានីភ្នំពេញ ប្រកាសសម្រេចឲ្យបើកដំណើរការឡើងវិញចំពោះអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក

ចែករំលែក៖

ភ្នំពេញ : នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីសម្រេច ស្ដីពីការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញចំពោះអាជីវកម្ម ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ តាមគន្លងប្រក្រតីភាពថ្មី។

រដ្ឋបាលរាជធានីភ្នំពេញសម្រេច :
ប្រករ១ …ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញចំពោះអាជីវកម្មខារាំអូខេ, រង្គសាល និងឌីស្កូតែក នៅ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ តាមគន្លងប្រក្រតីភាពថ្មី។
ប្រការ២ …ម្ចាស់ទីតាំង ឬ ម្ចាស់អាជីវកម្មខារាំអូខេ រង្គសាល និងឌីស្កូតែក ចាំបាច់ត្រូវមានកាតព្វកិច្ចចាត់តាំងបុគ្គលិក ប្រចាំការនៅមុខច្រកចេញ-ចូលទីតាំង ដើម្បីធ្វើការត្រួតពិនិត្យបណ្ណចាក់វា៉ក់សាំង ស្របតាមសេចក្ដីណែនាំរបស់រដ្ឋបាល រាជធានីភ្នំពេញ និងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ ៣ការពារ និង ៣ កុំ” របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) របស់ក្រសួងទេសចរណ៏ គោលការណ៍ណែនាំរបស់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ និងវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ឱ្យបានម៉ឺងម៉ាត់ គឺ ការវាស់កម្ដៅ ការធ្វើអនាម័យ និងការបាញ់ថ្នាំសម្លាប់មេរោគ ជាដើម។

ប្រការ៣ …ប្រគល់ភារកិច្ចជូនគណៈបញ្ជាការដឹកនាំការអនុវត្តច្បាប់នៅថ្នាក់រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ ទេសចរណ៍រាជធានីភ្នំពេញ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធជុំវិញរដ្ឋបាល រាជធានីភ្នំពេញ ដើម្បីសហការចុះណែនាំ និងត្រួតពិនិត្យ ដូចមានចែងក្នុងខ្លឹមសារនៃសេចក្ដីសម្រេច៖ ឱ្យមាន ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ ក្នុងករណីរកឃើញម្ចាស់ទីតាំង ឬ ម្ចាស់អាជីវកម្មខារា៉អូខេ រង្គសាល និង ឌីស្កូតែកណាមួយ មិនអនុវត្តអនុវត្តមិនបានត្រឹមត្រូវតាមការណែនាំនេះ ត្រូវចាត់វិធានការដកហូតអាជ្ញាបណ្ណ លិខិតអនុញ្ញាត និងអាចឈានទៅបិទទីតាំងទាំងស្រុង។

ដោយឡែក ចំពោះបុគ្គលល្មើសពាក់ព័ន្ធ ត្រូវអនុវត្តទណ្ឌកម្មរដ្ឋបាល និងទណ្ឌកម្មច្បាប់ រួមទាំងការ ផ្សព្វផ្សាយជាសាធារណះចំពោះបុគ្គលល្មើស ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ដោយគ្មានការលើកលែងឡើយ។

ប្រការ៤ …បទប្បញ្ញត្តិទាំងឡាយណា ដែលបានដាក់ចេញដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មុនពេលសេចក្ដីសម្រេចនេះចូលជាធរមាន ហើយដែលមិនផ្ទុយនឹងសេចក្តីសម្រេច ត្រូវមានអានុភាពអនុវត្ត បន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស។
ប្រការ២ នៃសេចក្ដីសម្រេចលេខ ៣៤២/២១ សសរ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានី ភ្នំពេញ ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្ម ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន នៅក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ និងបទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេរ ត្រូវទុកជានិរាករណ៍៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖