ព័ត៌មានទាន់ហេតុការណ៍៖

សិស្សសាលាចំនួន០២នាក់ ម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ ករណីគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សិស្សសាលាចំនួន០២នាក់ មករៀនគួរត្រៀមនឹងប្រឡងថ្នាក់ទី១២ខាងមុខនេះ បានជួបគ្រោះថ្នាក់ចរាចរណ៍ម្នាក់ស្លាប់បាត់បង់ជីវិតនិងម្នាក់ទៀតរងរបួសធ្ងន់ នៅវេលាម៉ោង០៧និង១៥នាទីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១លើកំណាត់ផ្លូវជាតិលេខ៥ ចំណុចមុខផ្សារអូរអំបិល ស្ថិតនៅ  ភូមិសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។
លោក សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ខេត្ត បានឲ្យដឹងថា៖ ជនរងគ្រោះមានឈ្មោះ អោម ឆៃលីន ភេទស្រីអាយុ១៨ឆ្នាំ អ្នកបើកម៉ូតូម៉ាកហុងដាសេ125 ពណ៌ខ្មៅពាក់ស្លាកលេខ 1M-0566បន្ទាយមានជ័យ ស្លាប់នៅពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ក្រុងសិរីសោភ័ណនិងអ្នករួមដំណើរឈ្មោះ ឡាម ឡាំផៃ ភេទស្រី អាយុ១៨ឆ្នាំ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យពរ២ ខេត្តបាត់ដំបង ។ជនរងគ្រោះទាំង០២នាក់ នៅភូមិកំពីងពួយ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបាត់ដំបង មកស្នាក់នៅរៀនថ្នាក់ទី១២ នៅក្រុងសិរីសោភ័ណ ។
លោកបានបញ្ជាក់ថា៖ មុនពេលកើតហេតុយុវសិស្សទាំង០២នាក់ បានជិះម៉ូតូមកពីរៀនគួរដើម្បីត្រៀមនឹងប្រឡងថ្នាក់ទី១២ខាងមុខ ក្នុងទិសដៅពីត្បូងទៅជើងឆ្លងផ្លូវជាតិ ស្របពេលនោះ មានរថយន្ត០១គ្រឿង ម៉ាកឡិចសុីស330  ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AP-5305 បើកបរក្នុងទិសដៅពីកើតទៅលិចល្បឿនលឿន ដល់កន្លែងកើតហេតុ បានបុកប៉ះម៉ូតូរបស់យុវសិស្សកំពុងជិះឌុបគ្នា បណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់និងអ្នករួមដំណើររងរបួសធ្ងន់ ចំណែកអ្នកបើករថយន្តបានបើករត់គេចខ្លួនបាត់ស្រមោល ប៉ុន្តែត្រូវបានប្រជាពលរដ្ឋនៅកន្លែងកើតហេតុស្គាល់ភិនភាគនិងលេខរថយន្តបាន កម្លាំងនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវ ដើម្បីចាប់អ្នកបើកបរកសាងសំណុំរឿងតាមនីតិវិធី ច្បាប់៕

ដោយ៖ វណ្ណា


ចែករំលែក៖