ព័ត៌មានទាន់ហេតុការណ៍៖

យោធិនសោធននិវត្តន៍ ដែលត្រូវផ្ទេរចេញពីក្របខ័ណ្ឌក្រសួងការពារជាតិឆ្នាំ ២០២១ របស់ កងពលតូចអន្តរាគមន៍លេខ១ បានទួលប្រាក់ឧបត្ថម្ភគោលនយោបាយរបស់រាជរដ្ឋាភិបាល

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯកសំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា និងជាប្រធានអនុគណៈកម្មការគោល នយោបាយ យោធិនពលី មរណៈ បង្កស្លាប់ បាត់ខ្លួន ពិការ និងសោធននិវត្តន៍ក្រសួងការពារជាតិ បានអញ្ជើញដឹកនាំក្រុមការងារ ចុះសំណេះសំណាល បើក ប្រាក់ឧបត្ថម្ភ គោលនយោបាយរបស់រាជរដ្ឋាភិបាល មួយលើកដំបូង ជូនយោធិនសោធននិវត្តន៍ ដែលត្រូវផ្ទេរចេញពីក្របខណ្ឌក្រសួងការពារជាតិឆ្នាំ២០២១ របស់ កងពលតូចអន្តរាគមន៍លេខ១ ចំនួន១៨នាក់។

ក្នុងពិធីនេះដែរក៏ត្រូវបានអញ្ជើញ ចូលរួមដោយឧត្តមសេនីយ៍ទោ ណូក ខាន់ មេ បញ្ជាការរង នាយសេនាធិការកងពលតូចអន្តរាគមន៍លេខ១ តំណាងឧត្តមសេនីយ៍ ឯក បណ្ឌិត ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១។

ឧត្តមសេនីយ៍ឯក សំ ចាន់ធួន បានមានប្រសាសន៍ថា ការបើកប្រាក់មួយលើកដំបូងនេះ គឺជាប្រាក់គោល នយោបាយលើកទឹកចិត្តដល់បងប្អូន ដែលជាយោធិនចូលនិវត្តន៍ ត្រូវផ្ទេរចេញពីក្របខណ្ឌក្រសួងការពារជាតិ ទៅរស់នៅជាជនស៊ីវិលតាមមូលដ្ឋាន។ កន្លងមក បងប្អូនបានលះបង់ គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ និងបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការការពារ រក្សាសុខសន្តិភាព ស្ថិរភាព ជូនប្រជាពលរដ្ឋ និង ប្រទេសជាតិ។

បន្ថែមពីនោះលោកប្រធានអនុគណៈកម្មការ បានពន្យល់ផ្សព្វផ្សាយដល់យោធិនសោធននិវត្តន៍ អំពីនិតិវិធីនៃការបើកប្រាក់ឧបត្ថម្ភគោលនយោបាយ លើក ដំបូង របស់រាជរដ្ឋាភិបាល មុននឹងផ្ទេរទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ឧត្តមសេនីយ៍ទោ ណូក ខាន់ មេបញ្ជាការរង នាយសេនាធិការ កងពលតូចអន្តរា គមន៍លេខ១ បានថ្លែងអំណរគុណដល់បងប្អូនយោធិនសោធននិវត្តន៍ទាំងអស់ ដែលកន្លងមកបានលះបង់ គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន ជាពិសេសបងប្អូនជាប្រតិបត្តិករចូលរួមយ៉ាងសកម្ម ក្នុងការបង្រួបបង្រួមជាតិ និងជាកម្លាំងស្នូលក្នុងការអនុវត្តនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យប្រទេសទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

ឧត្តមសេនីយ៍ទោ មេបញ្ជាការរងកងពល ជំនួសមុខ នាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលតូចអន្តរា គមន៍លេខ១ សូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជាទីបំផុត ជូនចំពោះប្រមុខរាជរដ្ឋាភិបាល ដែលលោកតែងតែយកចិត្តទុកដាក់គិតគូរដល់យោធិនសោធននិវត្តន៍ទាំងអស់ ដែលកន្លងមកបានបំពេញភារកិច្ច និងលះបង់គ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។គំរូវីរភាពដ៏ល្អផូរផង់នេះនឹងបានដិតជាប់ក្នុងក្រអៅបេះដូងអ្នកជំនាន់ក្រោយយ៉ាងពិតប្រាកដ។ ថ្វីត្បិតអស់លោកជាយោធិន ដែលបានចេញពីជួរកងយោធពលខេមរ ភូមិន្ទ ផ្ទេរទៅក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាក៏ដោយ ក៏ប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៅតែបន្តយកចិត្តទុកដាក់គិតគូរជួយដោះស្រាយគ្រប់កាល:ទេស:ដល់បងប្អូនអតីតយុទ្ធជនជានិច្ច៕

ដោយ៖ សូរិយា


ចែករំលែក៖