ព័ត៌មានទាន់ហេតុការណ៍៖

នៅល្ងាចថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូនេស៊ី បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការរបស់លោកជំទាវ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី នឹងអញ្ជើញចូល ជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជា ណាចក្រកម្ពុជា ។

លោកស្រី រ៉េតណូ អិល.ភី, ម៉ារស៊ូឌី នឹងមានជំនួបជាមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដោយនឹងពិភាក្សាលើទិដ្ឋភាពមួយចំនួននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងអាទិភាពនានារបស់កម្ពុជាពេលធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២។

ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី មកកាន់កម្ពុជា នឹង បន្តពង្រឹង និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងកម្ពុជា និងឥណ្ឌូនេស៊ី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញ ទៅមករបស់ប្រជាជាតិទាំងពីរ និងពិភពលោក៕

ដោយ៖ សិលា


ចែករំលែក៖