ភ្នំពេញ៖ នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថានទូតចិនប្រចាំកម្ពុជា បានបង្ហោះលើផេកផ្លូវការ របស់ខ្លួនថា, នាថ្ងៃទី២៩ខែវិច្ឆិកា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានអញ្ជើញជាអធិបតីក្នុង “សិក្ខាសាលាច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា”។
ក្នុងសុន្ទរកថារបស់ លោកឯកអគ្គរដ្ឋទូតចិនបានលើកឡើងថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងចិននិងកម្ពុជាទទួលបានការលើកកម្ពស់ថែមមួយកម្រិតទៀតក្រោយពីឆ្លងកាត់ការលុតដុំនៃជំងឺវីរុសកូវីដ១៩។ លោកជឿជាក់ថា ច្បាប់ស្តីពីវិនិយោគមួយនេះ នឹងជួយដល់កម្ពុជាបន្តដើរតួនាទីយ៉ាងលេចធ្លោ កែលម្អបរិយាកាសធុរកិច្ចកាន់តែល្អប្រសើរ ទាក់ទាញដល់ក្រុមហ៊ុនសហគ្រាសកាន់តែច្រើនមកដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។ កិច្ចសហប្រតិបត្តិការវិនិយោគរវាងចិននិងកម្ពុជា នឹងទទួលបានសមិទ្ធផលផ្លែផ្កាកាន់តែច្រើន ហើយប្រជាជនទាំងពីរសង្ឃឹមថាគោលដៅនៃភាពរីកចម្រើនសម្បូរសប្បាយរបស់ប្រទេសជាតិនឹងសម្រេចបានក្នុងពេលឆាប់ៗនេះជាមិនខាន។
លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានប្រសាសន៍ថា ការវិនិយោគរបស់ចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ គោលបំណងនៃការតាក់តែងច្បាប់នេះឡើង គឺដើម្បីបង្កើតបរិយាកាសវិនិយោគកាន់តែល្អប្រសើរ ដើម្បីទាក់ទាញអ្នកវិនិយោគកាន់តែច្រើនរួមទាំងក្រុមហ៊ុនចិនមកដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។
សិក្ខាសាលាលើកនេះ ត្រូវបានរៀបចំឡើងដោយការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជា ក្នុងគោលបំណងបង្កើនការយល់ដឹង បន្ថែមទៀតអំពីច្បាប់ស្តីពីវិនិយោគនេះ ដើម្បីឱ្យការទំនាក់ទំនងរវាងអ្នកវិនិយោគចិននិងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបង្កើតបានជាយន្តការតាមបែបគន្លងធម្មតា និងដើម្បីផ្តល់ជាសេវាកម្មកាន់តែទូលំទូលាយដល់ការប្រាស្រ័យទាក់ទងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំងពីរ។ កម្មវិធីខាងលើក៏មានការចូលរួមពីទស្សនិកជនជាង២៧០នាក់តាមរយៈអ៊ីនធើណេតដែលពួកគេអញ្ជើញមកពីតំបន់មួយចំនួនក្នុងប្រទេសចិនមានដូចជា Guangdong, Guangxi, Yunnan, Shandong, Beijing, Zhejiang, Jiangsuជាដើម។ លោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជាអញ្ជើញមានវត្តមានក្នុងសិក្ខាសាលាខាងលើនេះ៕
ដោយ៖ សុខ ខេមរា