ព័ត៌មានទាន់ហេតុការណ៍៖

គួរឱ្យតក់ស្លុតខ្លាំងណាស់! គ្រោះថ្នាក់ចរាចរណ៍មួយធ្វើឱ្យស្លាប់មនុស្ស៤នាក់នៅនឹងកន្លែង ឯម្នាក់ទៀតរងរបួសធ្ងន់ ចំណែកតៃកុងរថយន្តដាក់មេប្រូចបាត់ស្រមោល

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ មនុស្ស៤នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់។ចំណែកតៃកុងរថយន្តបង្កហេតុបានដាក់មេប្រូចបាត់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក់ហ៉ីយ៉ាន់ដាយទ្រុងឃ្លុបបុកពីក្រោយគោយន្តកែច្នៃសម្រាប់បោកស្រូវ ដែលបើកបរស្របទិសគ្នា។ ហេតុការណ៍គួរឲ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង០៩៖០០នាទីយប់ ថ្ងៃអង្គារ ១២រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិរវែស ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ជាប់ព្រំប្រទល់ជាមួយនឹង ភូមិស្រែស្រណុក ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

តាមប្រភពព័ត៌មានពីអ្នកដែលឃើញហេតុការណ៍នោះបាននិយាយថា មុនកើតហេតុរថយន្តហ៉ីយ៉ាន់ដាយទ្រុងឃ្លុបបើកបរពីកើតមកលិចក្នុងទិសដៅស្របគ្នា។ ពេលបើកមកដល់ចំណុចកើតហេតុបានវាក់នឹងគោយន្តកែច្នៃបោកស្រូវក៏បុកពីក្រោយយ៉ាងពេញទំហឹង ធ្វើឱ្យអ្នកបើកបរគោយន្តកែច្នៃនិងអ្នកជិះជាមួយខ្ទាតធ្លាក់ចូលក្រោមកង់គោយន្តកែច្នៃខ្លួនឯងកិនស្លាប់ទាំងពីរនាក់តែម្តង។ ចំណែករថយន្តបង្កហេតុមានអ្នករួមដំណើរ៣នាក់ ក្នុងនោះមាន២នាក់ស្លាប់ ហើយតៃកុងមិនមានគ្រោះថ្នាក់នោះទេ ក្រោយកើតហេតុបានដាក់មេប្រូចបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចនិងអាជ្ញាធរស្រុកសេសាន បានចុះមកដល់កន្លែងកើតហេតុ ពិនិត្យជាក់ស្តែងលើស្ថានភាពគ្រោះថ្នាក់ចរាចរណ៍នៅចំណុចទីតាំងខាងលើនេះ ហើយបញ្ជាក់ថាគ្រោះថ្នាក់នេះស្ថិតនៅចំណុចភូមិសាស្ត្រទឹកដីកោះញែក ខេត្តមណ្ឌលគិរី។ ទោះជាយ៉ាងណាក្តីសមត្ថកិច្ចនិងអាជ្ញាធរស្រុកសេសាន ខេត្តស្ទឹងត្រែង ក៏បានខ្នះខ្នែងដុតដៃដុតជើង សហការជាមួយមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែងយករថយន្តសង្គ្រោះមកដឹកអ្នករងរបួសធ្ងន់ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តស្ទឹងត្រែងផងដែរ។សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់៤នាក់នោះ និងអ្នករងរបួសម្នាក់ទៀត នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
ក្រោយកើតហេតុដោយមានការសហការផ្តល់ព័ត៌មានបន្ទាន់ទៅសមត្ថកិច្ច ខេត្តមណ្ឌលគិរី គេក៏បានឃើញវត្តមានកងរាជអាវុធហត្ថ និងនគរបាលស្រុកកោះញែក ចុះមកដល់ចំណុចកើតហេតុខាងលើនេះផងដែរ ដើម្បីធ្វើការវាស់វែងពិនិត្យលើស្ថានភាពជាក់ស្តែង និងស្រាវជ្រាវរកអត្តសញ្ញាណសាច់ញាតិមកទទួលសាកសពយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកវត្ថុតាងរថយន្តបង្កហេតុម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ:2BN-7214 និងគោយន្តកែច្នៃខាងលើ សមត្ថកិច្ចកំពុងរកមធ្យោបាយដឹកយកទៅរក្សាទុកដើម្បីដោះស្រាយនៅពេលក្រោយតាមនីតិវិធី៕

ដោយ៖មាស សុផាត


ចែករំលែក៖