ព័ត៌មានទាន់ហេតុការណ៍៖

ខឹងគេបាត់មាន់មកសួរដល់ផ្ទះវាយជនរងគ្រោះ បែកក្បាលហូរឈាមដួលសន្លប់បាត់ស្មារតី ត្រូវនគរបាលចាប់ដាក់ខ្នោះ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ នៅរសៀលថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពវាយទៅលើជនរងគ្រោះ បណ្តាលឲ្យរងរបួសបែកក្បាលផ្នែក ខាងក្រោយ ចំលើរង្វង់ភ្នែកខាងឆ្វេង (បែក) និងចំលើថ្ពាល់ផ្នែកខាងក្រោមភ្នែកស្តាំ (បែក) បណ្តាលឲ្យហូរឈាម និងដួលសន្លប់បាត់ស្មារតីនៅផ្ទះជនរងគ្រោះ។

ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១  នៅភូមិស្តី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

  មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុក ឯកភ្នំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ផាន ពិសាល ហៅ តុល ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិស្តី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

ចំណែកឯជនរងគ្រោះឈ្មោះ ឆាន ឈឿត ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅ ក្បែរផ្ទះជនសង្ស័យខាងលើ ។

 សាក្សីនៅជិតផ្ទះជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ជនរងគ្រោះបានបាត់មាន់មេចំនួន ០១ក្បាល ហើយប្រពន្ធជនរងគ្រោះឈ្មោះ សុះ សាន អាយុ ៤៤ឆ្នាំ ក៏បានទៅសួរនាំឈ្មោះ ផាន ពិសាល ហៅ តុល (ជនសង្ស័យ) អំពីបញ្ហាខ្លួនបាត់មាន់មេ ខណ:នោះជនសង្ស័យ ក៏មានកំហឹងហើយជេរប្រមាថ និងចូលទៅវាយជនរងគ្រោះបណ្តាលឲ្យរងរបួសដួលសន្លប់រួចក៏ដើរត្រឡប់ទៅផ្ទះខ្លួនវិញ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយកើតហេតុក្រុមគ្រួសារបានដឹកជនរងគ្រោះទៅរុំរបួសនៅមន្ទីរពេទ្យនិងបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកនរិន្ទ ហើយបន្ទាប់មកនៅថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលនិងកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកចុះទៅឃាត់ខ្លួនជនសង្ស័យរួចរៀបចំសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕


ដោយ ៖ ប្រាថ្នា


ចែករំលែក៖