នៅថ្ងៃទី១ខែធ្នូ កូរ៉េខាងត្បូងបានរកឃើញករណីឆ្លងកូវីដ-១៩ កើនឡើងជាង៥ពាន់នាក់ក្នុងមួយថ្ងៃ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ ករណីឆ្លងកើនឡើងក្នុងពេលដែលពិភពលោកបារម្ភពីការឆ្លងរាលដាលកូវីដ-១៩បំប្លែងថ្មីOmicron។
កូរ៉េខាងត្បូង បានរកឃើញករណីឆ្លងកូវីដ-១៩ក្នុងរយៈពេល២៤ម៉ោងមានដល់ទៅ៥.១២៣នាក់ ក្នុងនោះមានករណីឆ្លងក្នុងសហគមន៍ដល់ទៅ៥.០៧៥នាក់ ។ សរុបករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់ទៅ ជាង៤៥២ពាន់នាក់ ។
ក្រៅពីនេះក៏មានអ្នកស្លាប់៣៤នាក់ផងដែរក្នុងរបាយការណ៍ថ្ងៃទី១ខែធ្នូ ធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ទៅ៣.៦៥៨នាក់ ។ ក្នុងពេលនេះដែរអ្នកជំងឺធ្ងន់បានកើនឡើង៧២៣នាក់ផងដែរ។
ចំណែកកូវីដ-១៩បំប្លែងថ្មី Omicron ដែលធ្វើឱ្យប្រទេសជាច្រើនជុំវិញពិភពលោកត្រូវបិទព្រំដែនជាមួយប្រទេសតំបន់អាហ្វ្រិក កូរ៉េខាងត្បូង ក៏បានបង្កើនការប្រុងប្រយ័ត្នខ្ពស់ផងដែរ ។
នៅថ្ងៃទី ៣០ខែវិច្ឆិកា កូរ៉េខាងត្បូងបានរកឃើញករណីឆ្លងOmicron ម្នាក់ នាំចូលពីក្រៅប្រទេស៕ ដោយ៖ធីរីណា
រូបថត៖ Reuters