ភ្នំពេញ៖ រណសិរ្ស២ធ្នូ មិនត្រឹមតែបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ឲ្យចាកចេញពីមហន្តរាយនៃរបបអាវខ្មៅ ប៉ុណ្ណោះទេ ប៉ុន្តែបានជួយស្តារ កសាង និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ឲ្យមានការកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ រហូតទទួលបានសុខសន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ ទន្ទឹមនិងការចាប់បដិសន្ធិ រណសិរ្ស២ធ្នូ សហព័ន្ធសហជីពឯករាជ្យកម្ពុជា មានឈ្មោះដើមហៅថា “ សហជីពកម្មករសង្គ្រោះជាតិកម្ពុជា ” បានបង្កើតឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ គឺព្រមគ្នាជាមួយរណៈសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា បានប្រមូលផ្តុំកម្លាំងប្រជាពលរដ្ឋនៅតាមជាយក្រុងដែលទើបនិងរំដោះរួចពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើយ៉ាងណាធានានូវជីវភាពរស់នៅបានដោយបង្កបង្កើនផលកសិកម្ម។
នេះជាប្រសាសន៍លើកឡើង របស់លោកបណ្ឌិត អ៉ិត សំហេង ប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីសំណេះសំណាលខួបអនុស្សារីយ៍លើកទី៤៣ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ដោយមានអ្នកចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូអនឡាញផងប្រមាណជាង៣០០នាក់។
លោកបណ្ឌិត អ៉ិត សំហេង មានប្រសាសន៍បន្តថា ស្មារតី ២ធ្នូ ១៩៧៨ ដែលជារណសិរ្សនៃកម្លាំងមហាជនអ្នកស្នេហាជាតិគ្រប់និន្នាការនយោបាយ ដឹកនាំបង្កើតដោយ សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន សម្តេចអគ្គមហាពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរំដោះប្រទេសជាតិចេញពីរបបប៉ុល ពតប្រល័យពូជសាសន៍នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ផ្តើមចេញពីវីរភាពដ៏អង់អាចក្លាហាននេះ ទើបរណសិរ្សទាំងមូលអាចទទួលបានជ័យជម្នះ ព្រមទាំងបានដើរតួនាទីយ៉ាងសំខាន់ដើម្បីបុព្វហេតុសាមគ្គីភាព ឯកភាព ការកសាង ការស្តារ ការការពារ និងអភិវឌ្ឍប្រទេសជាតិ និងជីវភាពរស់នៅរបស់ប្រជាជន ដែលយើងចាត់ទុកថាជាបុព្វការី ពុំអាចបំភ្លេចបាន សមនឹងពាក្យស្លោកថា “ មានថ្ងៃ២ធ្នូ ទើបមានថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបមានជីវិតយើងទាំងអស់គ្នា និងមានអ្វីទាំងអស់ដូចសព្វថ្ងៃនេះ”។
លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីប្រវត្តិខ្លះៗ នៅក្នុងដំណាក់កាលជាប្រវត្តិសាស្ត្រ សហជីពកម្មករសង្គ្រោះជាតិកម្ពុជា ត្រូវបានផ្លាស់ប្តូរឈ្មោះជាបន្តបន្ទាប់ ដំបូងដឹកនាំដោយ ៖
– លោក មាស សំណាង ពីឆ្នាំ១៩៧៨ ដល់ឆ្នាំ១៩៨០
– លោក ហេងទាវ ពីឆ្នាំ១៩៨១ ដល់ឆ្នាំ ១៩៨៣
– មហាសន្និបាតសហជីពលើកទី១ នាខែធ្នូ ឆ្នាំ១៩៨៣ បានបោះឆ្នោតជាប់ឯកឧត្តម ម៉ាត់ លី ជាប្រធានសហព័ន្ធសហជីពកម្ពុជា ពីឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៨៨
– សហព័ន្ធសហជីពបានប្រារព្ធធ្វើមហាសន្និបាតលើកទី២ នាថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ១៩៨៨ នាពេលនោះបានបោះឆ្នោតជាប់លោកស្រី ម៉ែន សំអន ជាប្រធាន ពីឆ្នាំ១៩៨៨ ដល់ឆ្នាំ១៩៩៥
– លោក អ៊ិត សំហេង ជាសមាជិកគណៈអចិន្ត្រៃយ៍ និងជាប្រធានមន្ទីរសហព័ន្ធសហជីព កម្ពុជា ពីឆ្នាំ១៩៨៣ ដល់ឆ្នាំ១៩៨៨។
ក្នុងការបង្កើតចលនាសហជីពនៅជំនាន់នោះ ក្នុងស្ថានភាពចេញពីបាតដៃទទេ កម្មករនិយោជិតទាំងចាស់ទាំងថ្មីដោយមានការជួយឧបត្ថម្ភ និងគាំទ្រពីចលនាកម្មករអន្តរជាតិជាមិត្តជិតឆ្ងាយ បានសាមគ្គីបំពេញភារៈកិច្ចរបស់ខ្លួនក្នុងចលនាស្នេហាជាតិយ៉ាងសស្រាក់សស្រាំទូទាំងប្រទេស។ លើមូលដ្ឋាននេះ សហព័ន្ធសហជីពកម្ពុជា ក៏បានបំពេញតួនាទី និងពង្រីកសកម្មភាពរបស់ខ្លួនធ្វើជាបង្អែកដ៏រឹងមាំដល់ចលនាកម្មករនិយោជិតក្នុងភារៈកិច្ចស្តារកសាងប្រទេសជាតិ ការស្វ័យដោះស្រាយ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួន។ គ្រាន់តែប៉ុន្មានឆ្នាំប៉ុណ្ណោះ ផែនការជាតិជាច្រើនត្រូវបានអនុវត្តសម្រេចសមិទ្ធិផលធំៗជាស្នាដៃរួម របស់ប្រជាពលរដ្ឋកម្ពុជា ក៏ត្រូវបានកើតឡើង ជាបន្តបន្ទាប់លើគ្រប់វិស័យ ដូចជា វិស័យសេដ្ឋកិច្ចសង្គមកិច្ច វប្បធម៍ អប់រំ សុខាភិបាល ។ល។ ដែលជាសន្ទុះ និង សមិទ្ធិផលនៃស្នាដៃទាំងនោះបានរួមចំណែកក្នុងជំហានរីកចំរើនរបស់មាតុភូមិកម្ពុជាយ៉ាងពិតប្រាកដ។
ដើម្បីឲ្យស្របទៅតាមការអនុវត្តច្បាប់ស្តីពីការងារឆ្នាំ១៩៩៧ ដោយចង់រក្សាប្រវត្តិសកម្មភាពរបស់ សហព័ន្ធសហជីពកម្ពុជា និងធ្វើជាបង្អែកឲ្យចលនាកម្មករនិយោជិត និងសហជីពកម្ពុជាតាមរូបភាពថ្មី ក្នុងសភាពការណ៍ថ្មីរបស់ប្រទេស ចាំបាច់ត្រូវមានការប្រែប្រួលរូបភាពពីអង្គការចាត់តាំង គឺរំលាយ សហព័ន្ធសហជីពកម្ពុជា និងចាត់តាំងឡើងនូវ វិទ្យាស្ថានអភិវឌ្ឍន៍ការងារកម្ពុជា និងបណ្តុះបណ្តាល។
ឆ្នាំ១៩៩៧ បានធ្វើសកម្មភាពដោយបង្កើតសហជីពមូលដ្ឋាន នៅក្នុងវិទ្យាស្ថានអភិវឌ្ឍន៍ការងារកម្ពុជា និងបណ្តុះបណ្តាល។
ការពង្រីក និងពង្រឹងសកម្មភាពចលនាសហជីពរបស់កម្មករនិយោជិត និង សកម្មភាពរបស់សហជីពបានជាបន្តបន្ទាប់ ធានាបាននូវគុណភាពរហូតបង្កើត « សហជីពឯករាជ្យកម្ពុជា » បាននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ១៩៩៩ បញ្ជិកាលេខ៦៧សកបយ/អក ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៩៩ របស់ក្រសួងសង្គមកិច្ច ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងយុវនីតិសម្បទា។ បន្ទាប់មកចុះកសាងសហជីព និងពង្រឹកសកម្មភាពសហជីពនៅតាមវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើង ចំការកៅស៊ូ កំពង់ផែខេត្តព្រះសីហនុ និងក្លឹបកំសាន្ត សរុបបានសហជីពឯករាជ្យកម្មករកម្ពុជាចំនួន៣៦មូលដ្ឋាន។
លុះដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០០ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរដល់សហជីពដោយមានការយកចិត្តទុកដាក់ពី លោកស្រី ម៉ែន សំអន អតីតប្រធានសហព័ន្ធសហជីពកម្ពុជា បច្ចុប្បន្នជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងមានការជួយជ្រោមជ្រែងយ៉ាងមុតមាំពី លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាំងពីមុនរហូតដល់បច្ចុប្បន្ន ។
នាឱកាសនោះដែរ លោកបណ្ឌិត អ៉ិត សំហេង ក៏ផ្តល់អនុសាសន៍ដល់ដល់អង្គការសហជីពត្រូវចងចាំថា សហជីពនៅកម្ពុជាបានបដិសន្ធិឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ ដូចនេះត្រូវមានក្រុមការងាររៀបចំចង ក្រងនូវប្រវត្តិនេះទុកជាឯកសារ ដើម្បីប្រើប្រាស់ទុកជាប្រយោជន៍ដល់សហជីពជំនាន់ក្រោយ បានស្រាវជ្រាវសិក្សាស្វែងយល់ ដើម្បីទុកជាឧត្តមប្រយោជន៍រួមរបស់ជាតិយើង។ ទន្ទឹមនេះ ត្រូវបង្កើតមូលនិធិសហជីព២ធ្នូ ៧៨ ដើម្បីចូលរួមចំណែកក្នុងការជួយដល់អតីតអ្នកសហជីព និងអ្នកសហជីពបច្ចុប្បន្ន ដែលចាស់ជរា និងជួបទុក្ខលំបាកផ្សេងៗ និងអាចជួយដល់សកម្មជនសហជីព និងកម្មករនិយោជិតដែលបានជួបនូវបញ្ហាលំបាកផ្សេងៗ។
លោករដ្ឋមន្ត្រី ក៏បានសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអតីតសហការីសហជីពទាំងអស់ដែលបាន ចូលរួមចំណែកធ្វើឱ្យប្រទេសជាតិ ទទួលបានសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនរហូតមកដល់បច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ លោករដ្ឋមន្រ្តី ស្នើសុំអោយបងប្អូន សហជីពទាំងអស់ បន្តចូលរួមចំណែកក្នុងសកម្មភាព សង្គមនានា ថែមទៀត ជាពិសេសការចូលរួមការពារសិទ្ធ និងអត្ថប្រយោជន៍ជូនបងប្អូនកម្មករនិយោជិត តាមរយៈការចូលរួមជំរុញ និងតាមដានការអនុវត្តអនុសាសន៍គន្លឹះទាំង ១០ចំណុច របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញក្នុងអំឡុងពេលជួប សំណេះសំណាល ចំនួន ៧៧ លើកកន្លងមក ជាមួយបងប្អូនកម្មរនិយោជិតជាងមួយលាននាក់ សំដៅពង្រឹងសុដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ លើកកំពស់លក្ខខណ្ឌការងារ ការពារសិទ្ធិការងារ និងផ្តល់អត្ថប្រយោជន៍ដ៏ច្រើនដល់កម្មករនិយោជិតយើង៕
ដោយ៖ស តារា