ខេត្តព្រះសីហនុ ៖ ប្រសាសន៍របស់សម្តេចតេជោ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា អត្ថន័យ “ខ្មែរធ្វើបាន” គឺមិនសំដៅសម្រាប់លើកកម្ពស់តួនាទីរបស់សម្តេចក្នុងនាមជានាយករដ្ឋមន្ត្រីទេ សូមកុំច្រឡំ។ “ខ្មែរធ្វើបាន” គឺសំដៅគ្របដណ្ដប់ទាំងអស់ តាំងពីបុរាណកាលមក ឧទាហរណ៍ ខ្មែរអាចកសាងប្រាសាទអង្គរវត្តបាន ខ្មែរអាចដឹកនាំប្រទេសឱ្យមានការរីកចម្រើនបាន។ សម្តេចមានប្រសាសន៍បែបនេះនៅ
ក្រុងព្រះសីហនុ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២១ ក្នុងក្នុងឱកាសអញ្ជើញចុះពិនិត្យមើលសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធនានា នៅខេត្តព្រះសីហនុ ។
ក្រៅពីការបកស្រាយខាងលើ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបកស្រាយផងដែរថា, ដើមឈើចាំស្នេហ៍ ឬសិលាចាំស្នេហ៍ គឺតំណាងឱ្យភាពគង់វង្ស បានន័យថា ការពារសន្តិភាពមិនឱ្យបាត់បង់ ការពារឯករាជ្យអធិបតេយ្យជាតិ របបរាជានិយម រាជបល្ល័ង្ក និងការពារអ្វីដែលមាននាពេលបច្ចុប្បន្នឱ្យបានគង់វង្សយូរអង្វែងតទៅ។
សម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកដាក់ឈ្មោះដើមឈើមួយនេះថា «ដើមឈើចាំស្នេហ៍» បានពន្យល់អំពីអត្ថន័យយនៃឈ្មោះដើមឈើនេះថា «ដើមឈើចាំស្នេហ៍ ឬសិលាចាំស្នេហ៍ តំណាងឱ្យនិមិត្តរូបនៃការគង់វង្ស ហេតុអ្វីបានជាអ្នកទាំងអស់គ្នាបែរជាឃើញថា ពាក្យដើមឈើចាំស្នេហ៍ ឬសិលាចាំស្នេហ៍ បែរជាតំណាងឱ្យភាពគង់វង្ស។ អស់លោកត្រូវចាំនៅចំណុចមួយ គឺថាពាក្យថាចាំមិនដែលជួប គឺបានសេចក្តីនៅទីនេះគឺចាំរហូតតែម្តង បើជួបគ្នាហើយគេមិនហៅថាចាំទេ សិលាក៏អញ្ចឹងដុំថ្មក៏អញ្ចឹងដើមឈើក៏អញ្ចឹង ដែលហៅថាពាក្យថាចាំគឺមិនដែលជួបទេ»។
សម្តេចបានបន្តថា៖ «ក្នុងចំណុចនេះ ខ្ញុំចង់សំដៅទៅលើភាពគង់វង្សជាអមតៈរបស់វា ដែលខ្ញុំចង់និយាយសំដៅច្បាស់ ទៅលើសន្តិភាពនៃប្រទេសនេះមិនត្រូវបាត់បង់ទេ មិនអាចឱ្យនរណាបំផ្លាញទេ របបរាជានិយមអាស្រ័យធម្មនុញ្ញ រាជបល្ល័ង្កមិនត្រូវបាននរណាប្រឆាំងទេ ទោះបីនរណាគំរាមកំហែងបំផ្លាញក៏ដោយ»។
សម្តេចតេជោ ហ៊ុនសែន បានបន្តថា «ពាក្យថាចាំមានន័យថា មិនជួបអញ្ចឹងវាឃ្វាងរហូត ដូច្នេះអមតៈ អញ្ចឹងខ្ញុំសំដៅលើបញ្ហាទូលំទូលាយ គ្របដណ្តប់លើសន្តិភាព ស្ថិរភាពរបស់ប្រទេស ដែលមិនត្រូវឱ្យបាត់បង់ ឯករាជ្យ អធិបតេយ្យជាតិ ក៏មិនត្រូវឱ្យបាត់បង់ របបរាជានិយមអាស្រ័យធម្មនុញ្ញ ក៏មិនត្រូវឱ្យបាត់បង់ រាជបល្ល័ង្គក៏មិនត្រូវឱ្យបាត់បង់ ហើយទឹកដីរបស់យើងក៏មិនត្រូវឱ្យបាត់បង់ទេ ហ្នឹងជាទិដ្ឋភាពគ្របដណ្តប់ទៅលើស្ថានភាពរួមរបស់ប្រទេស។ ដោយឡែកស្ថានភាពនៅទីនេះក៏ដូចគ្នាដែរ ផ្លូវនេះមិនត្រូវឱ្យបាត់បង់ តំបន់នេះមិនត្រូវឱ្យបាត់បង់ទេ នៅតែជារបស់ប្រជាជនកម្ពុជាជានិច្ច ដែលគាត់មានសិទ្ធិមកលេងកំសាន្តនៅទីនេះ»។
សម្តេចបានបន្ថែមទៀតថា៖ «ជាងមួយឆ្នាំមុន យើងបានដាក់ឈ្មោះនេះ តើមានមនុស្សប៉ុន្មាននាក់ទៅដែលអាចកាត់យល់ ខ្លះគេអាចយល់មិនដល់ របស់គេ គេមិនបានស្វែងយល់ហើយ គេបានបន្តុះបង្អាប់យើងទៀតថា ដាក់អីក៏ឈ្មោះអាក្រក់ចាំស្នេហ៍ សីលាចាំស្នេហ៍ដើមឈើចាំស្នេហ៍ ទៅជារឿងឯណោះ ប៉ុន្តែជម្រៅរបស់វាជ្រៅជាងសមុទ្រ នៅទីនេះ ដូច្នេះម្ចាស់អ្នកដាក់ គឺម្ចាស់អ្នកបកស្រាយអំពីបញ្ហានេះ អញ្ចឹងអ្វីដែលយើងបានធ្វើគឺទឹកដីរបស់យើងមិនត្រូវបាត់បង់ សន្តិភាពរបស់យើងមិនត្រូវបាត់បង់ទេ ឯករាជ្យ អធិបតេយ្យរបស់យើងមិនត្រូវបាត់បង់ទេ របបរាជានិយមអាស្រ័យធម្មនុញ្ញ និងរាជបល្ល័ង្ករបស់យើងមិនត្រូវបាត់បង់ទេ តំបន់នេះនៅតែជាទឹកដីកម្ពុជា នៅតែរបស់ប្រជាជនកម្ពុជា ដែលត្រូវមកលេងកំសាន្តនៅទីនេះ»។
សូមបញ្ជាក់ថា, សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពិតជាហត់នឿយនឹងការងារដ៏មមាញឹក ក្នុងការដឹកនាំប្រទេស និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃទៀតលើពិភពលោក ស្ទើរតែគ្មានពេលវេលាក្នុងការទទួលទានដំណេក និងទទួលទានអាហារ ដើម្បីប្រទេសជាតិ និងប្រជាជនកម្ពុជា គឺ សម្ដេចបានចំណាយពេលវេលាច្រើននឹងការងារ គួរគោរព ស្រឡាញ់ ពេញបេះដូងសម្រាប់ជនរួមជាតិ ។
សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា, ថ្ងៃនេះបាយថ្ងៃត្រង់នៅការិយាល័យ ការងារនៅវិមានសន្តិភាព។
មូលហេតុដោយជាប់រវល់ការងារមិនអាចត្រឡប់ទៅផ្ទះវិញបាន។
សម្តេចតេជោ ត្រូវជួបប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុនតាមវីដេអូ បន្ទាប់មកជួបរដ្ឋមន្ត្រីក្រសួងការបរទេស
ឥណ្ឌូនេសុីដោយផ្ទាល់និងបន្តទៅទៀតគឺចេញដំណើរតាមរថយន្តទៅខេត្តព្រះសីហនុ។
ពេលនេះកំពុងធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុដើម្បីសម្ភោធដាក់ឱយប្រើប្រាស់សមិទ្ធិផលជាច្រើនដែលយើងបានកសាងឡើង។ដូចនេះមានតែបាយនៅកន្លែងធ្វើការចំណេញពេលជាង។
សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា, ដឹកនាំប្រទេសគឺរវល់បែបនេះហើយ ពេលខ្លះរកពេលទទួលទានបាយមិនបានផង។
មុនអញ្ជើញទៅកាន់ខេត្តព្រះសីហនុ , នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក ហ្វមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្ត្រីជប៉ុន តាមប្រព័ន្ធវីដេអូ។
នៅក្នុងជំនួបនោះ អ្នកដឹកនាំទាំងពីរ សម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីជប៉ុន បានពិភាក្សាផ្តោតជាសំខាន់ទៅលើទំនាក់ទំនងទ្វេភាគី តំបន់ និងឆាកអន្តរជាតិផងដែរ។ ពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគី សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា។ ជាពិសេសការផ្តល់នូវជំនួយនានាសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មានដូចជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រថយន្តសង្គ្រោះ និងបរិក្ខារពេទ្យដទៃទៀត។ សម្តេចតេជោ បានមានប្រសាសន៍ថា ជំនួយទាំងអស់នេះ បានឆ្លើយតបយ៉ាងសំខាន់សម្រាប់តម្រូវការរបស់កម្ពុជាក្នុងការយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ១៩។
ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន ក៏បានរំលឹកដល់កិច្ចសហប្រតិបត្តិការទាំងឡាយក្នុងប្រវត្តិសាស្ត្រ។ ក្នុងនោះបានរំលឹកពីការបញ្ជូនកងទ័ពរក្សាសន្តិភាពរបស់ជប៉ុន មកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩២ ដែលជាការបញ្ជូនកងទ័ពចេញក្រៅប្រទេសលើកដំបូងរបស់ជប៉ុន។ ក្នុងន័យនេះ សម្តេចតេជោ និងនាយករដ្ឋមន្ត្រីជប៉ុន ចង់ឃើញមានការរៀបចំពិធី ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនៅឆ្នាំ២០២២ ដែលជាខួប ៣០ឆ្នាំនៃការបញ្ជូនកងទ័ពរក្សាសន្តិភាពនេះ៕
ដោយ៖សុខ ខេមរា